ក្រសួងធនធានទឹក បន្តអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័តពីជំនន់ទឹកភ្លៀង ព្រោះមិនទាន់ថមថយចុះទេ!

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ​បានចេញសេចក្តីជូនដំណឹង​ស្តីពីស្ថានភាពអាកាសធាតុ ដោយ​បញ្ជាក់ថា បន្ទាប់ពីបានធ្វើការតាមដាន និងការវិវត្តជាក់ស្តែង នៃស្ថានភាពអាកាសធាតុជាបន្តបន្ទាប់​រួចមកឃើញថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ សម្ពាធទាបសកម្មមួយ (Active Low) កំពុងស្ថិតនៅលើភាគកណ្តាលប្រទេសហ្វីលីពីន។

តាមការព្យាករ សម្ពាធទាប នៅពេលចូលមកដល់ក្នុងសមុទ្រចិនខាងត្បូង ហើយវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី១៧ ឈ្មោះ សូឌែល (SAUDEL) ដោយធ្វើដំណើរចូលមក​ប៉ែកខាងលើភាគខាងត្បូង នៃប្រទេសវតណាម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ហើយបានថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅពេលចូលមកក្នុងប្រតេសកម្ពុជា។ ជាមួយគ្នានេះ ប្រព័ន្ធសម្ពាធទាប បាននិងកំពុងអូសបន្លាយពីលើប្រទេសកម្ពុជា។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា មានស្ថានភាពដូចជា៖

១- បណ្តាលខេត្តនៅតំបន់វាលទំនាប រួមមាន៖ ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាកច្រើនជាបន្តបន្ទាប់។

២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបឥសាន និងខេត្តជាប់ព្រំដែនប្រទេសវៀតណាម រួមមាន៖​​​​​​​​​​​​​​​​ ខេត្តឧត្តមានជ័យ ព្រះវិហារ រនតគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។

៣- តំបន់មាត់សមុទ្រ អាចមានភ្លឿងធ្លាក់ពីបង្គួរទៅច្រើន និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន រួមជាមួយខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំ និងជួរភ្នំ និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាច នឹងកើតមានឡើងជាយថាហេតុណាមួយ។

ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុនេះ ក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តតាមដានដោយយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕

អត្ថបទដែលជាប់ទាក់ទង