ជំនន់ទឹកភ្លៀង ប៉ះពាល់ស្រូវជាង​១៣ម៉ឺនហិកតា​ ក្នុងនោះខូចខាតទាំងស្រុង​ជាង​៦ពាន់​ហិកតា​ ភាគច្រើននៅខេត្តពោធិ៍សាត់


រាជធានីភ្នំពេញ​៖ នេះបើយោងតាមទិន្នន័យ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ទឹកជំនន់ទឹកភ្លៀង បានបង្ករផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងនោះប៉ះពាល់ដល់​វាលស្រែវាលស្រូវ ចំនួន ១៣១,៣៣៩ហិកតា ​ហើយដីស្រែស្រូវចំនួន ៦,៦៥៧ហិកតា បានខូចខាតទាំងស្រុង ហើយភាគច្រើនបំផុត​ នៅក្នុងខេត្តពោធិ៍សាត់។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេង សាខុន អមដំណើរដោយសហការី ​នៅថ្ងៃទី​១៥ ខែតុលានេះ ក៏បានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ដំណាំស្រូវ ដែលបណ្តាលមកពីគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

សកម្មភាពចុះពិនិត្យឃើញទិដ្ឋភាពនៃគ្រោះមហន្តរាយលើដំណាំស្រូវ នៅភូមិពោធិ៍វង្ស ឃុំពោធិវង្ស ស្រុកកណ្តៀង លោក វេង សាខុន ក៏បានបញ្ជាឲ្យ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បញ្ចេញស្រូវពូជចំនួន ២៩តោន ជាបន្ទាន់ ដើម្បីយកមកចែកជូនប្រជាពលរដ្ឋជាជំហ៊ានដំបូងសិន។

ជាងនេះទៀត លោក វេង សាខុន ក៏បានណែនាំដល់ លោក ងិន ឆាយ អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវចុះមកតាមដានស្ថានភាពគ្រោះទឹកជំនន់នេះ ឲ្យ​បានជាប់ជាប្រចាំ រួចវាយតម្លៃផលប៉ះពាល់ជារួមទូទាំងតំបន់ ដែលទទួលរងគ្រោះនេះ បន្ទាប់មកត្រូវដាក់សំណើរសុំស្រូវពូជ ​ជូនមកក្រសួង ដើម្បីធ្វើការពិនិត្យដោះស្រាយតាមការចាំបាច់។

តាមការប៉ាន់ប្រមាណបឋម របស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម​ខេត្ត បញ្ជាក់ថា ខេត្តពោធិ៍សាត់ អាចត្រូវការស្រូវពូជប្រហែល ៦០០តោន។

ព្រមជាមួយគ្នានេះ លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំង ២៤ រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំលេខ ៤០២ សណន. កសក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្តីអំពី “ការចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ និងកិច្ចអន្តរាគមន៍ស្តារការខូចខាតឡើងវិញ នៃផលិតកម្មកសិកម្ម” ។

យោងលើរបាយការណ៍ របស់មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានបង្ហាញថា បច្ចុប្បន្នខេត្តពោធិ៍សាត់ កំពុងទទួលរងនូវគ្រោះមហន្តរាយទឹកជំនន់ធ្ងន់ធ្ងរ និង​ធ្វើឲ្យប៉ះពាល់ផលដំណាំ និងសត្វពាហន:របស់ប្រជាកសិករ​ ក្នុងស្រុក-ក្រុងចំនួន០៦ គឺស្រុកកណ្តៀង វាលវែង ភ្នំក្រវាញ បាកាន តាលោសែនជ័យ និងក្រុងពោធិ៍សាត់។

ផ្ទៃដីដំណាំស្រូវអនុវត្តបាន ១៤៥ ៣៤២ហិកតា ក្នុងនោះផ្ទៃដីចំនួន ២៦ ៩៥០ហិកតា ត្រូវបានទទួលរងនូវផលប៉ះពាល់ ហើយផ្ទៃដីចំនួន ៦​១៤៣ហិកតា ត្រូវ​ខូចខាតទាំងស្រុង។

ដោយឡែកដំណាំរួមផ្សំ ឈើហូបផ្លែ និងដំណាំកសិ-ឧស្សាហកម្ម មានផ្ទៃដីប៉ះពាល់ចំនួន ១០០៨២ហិកតា និងផ្ទៃដីខូចខាតទាំងស្រុងមាន ចំនួន ២៤៩៤ហិកតា៕

អត្ថបទដែលជាប់ទាក់ទង