ពលរដ្ឋសង្កាត់១ ក្រុងព្រះសីហនុ សំណូមពរ សម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ទៅក្រុមហ៊ុនអានកូ ឲ្យបើកទ្វារ ឬប្រឡាយទឹក ដើម្បីរំដោះទឹកជំនន់ជន់លិចលំនៅដ្ឋានពលរដ្ឋ..

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ នៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ទៅប្រធានក្រុមហ៊ុនអានកូ មានទីតាំងនៅតំបន់ក្បាលឆាយ ស្ថិតក្នុងសង្កាត់១ ឲ្យបើកប្រឡាយ ឬទំនប់ស្តុកទឹក របស់ខ្លួន ឲ្យបានធំទូលាយ ត្បិតនៅមូលដ្ឋាននេះ ភ្លៀងបានបន្តធ្លាក់មកខ្លាំងជាហេតុធ្វើឲ្យជំនន់ទឹកភ្លៀង បានជន់លិចលំនៅដ្ឋានពួកគាត់កាន់តែធ្ងន់ធ្ងរឡើងៗ។

ចំពោះការលិចលង់នេះ ប្រជាពលរដ្ឋរស់នៅសង្កាត់លេខ១ បានចោទក្រុមហ៊ុនអានកូ ថាបានចាក់ដីទប់ទំនប់មិនឲ្យទឹកក្រខ្វក់ និងជំនន់ទឹកភ្លៀងហូរធ្លាក់ចុះទៅក្រោម បណ្តាលឲ្យជំនន់ទឹកភ្លៀងជន់ទឹកផ្ទះសម្បែង របស់ពួកគាត់ រាប់ខែកន្លងមកហើយ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពាក់កណ្តាលខែតុលានេះ។

ប្រជាពលរដ្ឋបន្តថា ជំនន់ទឹកភ្លៀងនៅមូលដ្ឋាននេះ គឺអាជ្ញាធរភូមិ សង្កាត់ ក្រុង និងខេត្តព្រះសីហនុ ព្រមទាំងមន្រ្តីជំនាញផ្នែកធនធានទឹក ផ្នែកបរិស្ថាន រហូតដល់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏ធ្លាប់បានចុះមកពិនិត្យមើល និងជួបជាមួយប្រជាពលរដ្ឋម្តងដែរ ប៉ុន្តែមិនឃើញមានដំណោះស្រាយជូនពួកគាត់ទេ ហើយជំនន់ទឹកភ្លៀង បានបន្តលិចលំនៅដ្ឋានពួកគាត់កាន់តែខ្លាំងឡើងៗថែមទៀត គិតត្រឹមព្រលប់ថ្ងៃទី១៥ ខែតុលានេះ។

ក្រុមពលរដ្ឋបន្តទៀតថា នៅមូលដ្ឋានក្រុងព្រះសីហនុរាល់ថ្ងៃនេះ ទឹកភ្លៀងបានបន្តធ្លាក់មកជាប់មិនដាច់ បណ្តាលឲ្យជំនន់ទឹកភ្លៀងជន់លិចលំនៅដ្ឋាន របស់អ្នកភូមិពួកគាត់កាន់តែធ្ងន់ធ្ងរ និងខូចខាតទ្រព្យសម្បត្តិ ហើយប៉ះពាល់សុខភាពកុមារ និងមនុស្សចាស់ថែមទៀតផង។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្លះ រស់នៅសង្កាត់លេខ១ ក៏បានជម្លៀសក្រុមគ្រួសារ ទៅជួលបន្ទប់រស់នៅកន្លែងផ្សេង និងមានអ្នកភូមិខ្លះទៀត ក៏បាននាំគ្នាទៅសុំឲ្យអាជ្ញាធរភូមិ និងអាជ្ញាធរសង្កាត់១ ឲ្យជួយដោះស្រាយបញ្ហាទឹកជំនន់ជាបន្តបន្ទាប់ ប៉ុន្តែមិនទទួលបានដំណោះស្រាយណាមួយជូនពួកគាត់ទេ។ ហើយជំនន់ទឹកភ្លៀង
ក៏បានបន្តជន់លិចលំនៅដ្ឋានពួកគាត់ ដោយមានផ្ទះខ្លះ ត្រូវទឹកលិចស្ទើរដល់ដំបូលទៅហើយ។

ផ្តើមពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋរស់នៅសង្កាត់១ ក្រុង-ខេត្តព្រះសីហនុ បានសំណូមពរឲ្យ សម្តេចតេជោ ហ៊ុន សែន នសយករដ្ឋមន្ត្រីកម្ពុជា ជួយអន្តរាគមន៍ទៅក្រុមហ៊ុនអានកូ ឲ្យបើកទំនប់អាងស្តុកទឹក ឬបើកប្រឡាយទឹក ដើម្បីឲ្យទឹកហូរចេញពីមូលដ្ឋានពួកគាត់កំពុងរស់នៅ ឲ្យបានឆាប់ដោយអនុគ្រោះផងចុះ ត្បិតអាជ្ញាធរថ្នាក់ដឹកនាំសង្កាត់ ក្រុង-ខេត្តព្រះសីហនុ ហាក់មិនរវល់អើពើទៅលើកង្វល់ជំនន់ទឹកភ្លៀងជនលិចលំនៅដ្ឋានពួកគាត់នោះទេ។

គេហទំពរ”កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចមានប្រភពទាក់ទងអ្នកគ្រប់គ្រង ឬតំណាងក្រុមហ៊ុនអានកូ ដើម្បីបំភ្លឺលើករណីខាងលើនេះបានទេ នៅព្រលប់ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែតុលា ឆ្នាំ២០២០នេះ៕

អត្ថបទដែលជាប់ទាក់ទង