ឪពុកកុមារីរងគ្រោះរស់នៅខេត្តព្រះសីហនុ ដែលត្រូវអតីតមន្ត្រីនគរបាល ចាប់រំលោភកាលពីជាង១០ឆ្នាំមុន បន្តទាមទារយុត្តិធម៌

ខេត្តព្រះសីហនុ៖ ឪពុកកុមារីរងគ្រោះ លើករណីរំលោភផ្លូវភេទ ដែលមានជនជាប់ចោទជាអតីតមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាថ្មីម្តងទៀត បានអះអាងថា កូនស្រីរបស់គាត់ ដែលត្រូវជនល្មើសឈ្មោះ កង សុផាត ហៅ សុង លី ចាប់រំលោភតាំងពីមានអាយុ ១១ឆ្នាំ គិតមកត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះទៅហើយ នៅឡើយមិនទាន់ទទួលបានយុត្តិធម៌ទៀត។

អាណាព្យាបាលរូបនេះ ស្នើដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេច ប៊ុន រ៉ានី ព្រមទាំងថ្នាកដឹកនាំក្រសួងពាក់ព័ន្ធ ជួយស្វែងរកយុត្តិធម៌ ជាពិសេសជួយអន្តរាគមន៍ឲ្យស្ថាប័នពាក់ព័ន្ធចុះរឹបអូសយកទ្រព្យសម្បត្តិ របស់ជនល្មើស រួមមាន៖ ផ្ទះ ឬដីធ្លី របស់ជនល្មើសឈ្មោះ កង សុផាត ដើម្បីផ្តល់សំណងជំងឺចិត្តចំនួន ៤០លានរៀល តាមសាលដីកាស្ថាពរ របស់តុលាការកំពូល ដែលផ្តល់ជូនគ្រួសារ របស់លោកឈ្នះក្តី។

លោក យ៉ុង ប៊ុនលី ឪពុកកុមារីរងគ្រោះករណីរំលោភផ្លូវភេទ បច្ចុប្បន្នកំពុង រស់នៅក្នុងក្រុងព្រះសីហនុ បានឲ្យ គេហទំព័រ “កម្ពុជាថ្ងៃនេះ” ដឹងនៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែតុលានេះថា រូបគាត់ក៏ដូចជាកូនស្រី បានទន្ទឹងរង់ចាំយុត្តិធម៌អស់រយៈពេលជាង ១០ឆ្នាំកន្លងមកហើយ ប៉ុន្តែមិនទាន់ទទួលបានយុត្តិធ៌មនោះទេ។ ម្យ៉ាងទៀត ហើយរាល់ថ្ងៃនេះ ជនល្មើសឈ្មោះ កង សុផាត នៅមានសេរីភាពដើរហើរ ក្រៅពន្ធនាគារនៅឡើយ ហើយ គ្រួសាររបស់លោក ក៏មិនទាន់ទទួលបានសំណងមួយកាក់មួយសេនណានោះដែរ។

អាណាព្យាបាលរូបនេះបន្តថា កូនស្រីគាត់ ដែលកាលណោះទើបមានអាយុ ១១ឆ្នាំ ត្រូវឈ្មោះ កង សុផាត ជាអតីតមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់រំលោភកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១០ ហើយជនល្មើសនៅមានសេរីភាពក្រៅសំណាញ់ច្បាប់នៅឡើយ បើទោះបីតុលាការកំពូល បានសម្រេចសាលដីកាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ឲ្យជនល្មើសឈ្មោះ កង សុផាត ជាប់គុគ ០៥ឆ្នាំ និងពិន័យប្រាក់ ៤០លានរៀលបែបណាក្តី។

ឪពុកកុមារីរងគ្រោះឈ្មោះ យ៉ុង ប៊ុនលី ដែលមានសម្បុរខ្មៅ និងរាងកាយស្គមស្គាំង បានលើកដៃសំពះអំពាវនាវដល់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ព្រមទាំងថ្នាក់ដឹកនាំស្ថាប័ន ពាក់ព័ន្ធរួមមាន សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជាដើម ឲ្យជួយជម្រុញទៅស្ថាប័នអនុវត្តន៍ច្បាប់ពាក់ព័ន្ធនានា ឲ្យជួយអន្តរាគមន៍ទៅមន្ត្រីស្ថាប័នជំនាញ ជួយស្វែងរកចាប់ខ្លួនជនល្មើស ឈ្មោះ កង សុផាត ដាក់ពន្ធនាគារ និងជួយរឹបអូសទ្រព្យសម្បត្តិ របស់ជនល្មើសរួមមាន៖ ផ្ទះ និងដីធ្លីជាដើម ដើម្បីផ្តល់សំណងជំងឺចិត្តជូនកូនស្រីគាត់ ដោយអនុគ្រោះផងចុះ ត្បិតពេលនេះ គ្រួសារគាត់ ក៏ដូចជាកូនស្រី ដ៏អភ័ព របស់គាត់មិនទាន់ទទួលបានពន្លឺយុត្តិធ៌មនោះទេ ព្រោះជនល្មើសនៅក្រៅសំណាញ់ច្បាប់ និងមានសេរីភាពដើរហើរជដូចមនុស្សគ្មានទោសអញ្ចឹងដែរ។

លោក យ៉ុង ប៊ុនលី ឲ្យដឹងដូច្នេះ រួចបន្តថា សំណុំរឿងកូនស្រី របស់លោកនេះ រូបលោកក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងយុត្តិធម៌ និងបានសុំកិច្ចអន្តរាគមន៍ទៅកាន់ខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ ឲ្យជួយរកយុត្តិធ៌មផងដែរ ប៉ុន្តែស្ងាត់ជ្រៀប ដោយមិនដែលមានការឆ្លើយតបមករូបគាត់វិញទេ។

ទាក់ទិនសំណុំរឿងនេះ សម្រាប់មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំខេត្តព្រះសីហនុ រួមមាន៖ អង្គការលីកាដូ (LICADHO) និងសមាគមអាដហុក (ADHOC) ជាដើម មានចម្ងល់ថា បទល្មើសព្រហ្មទណ្ឌរំលោភផ្លូវភេទអនីតិជន មួយករណីខាងលើនេះ ហេតុអ្វីបានជាសាលាដំបូងខេត្តព្រះសីហនុ អាចអនុញ្ញាតឲ្យជនល្មើសឈ្មោះ កង សុផាត រួចផុតពីការផ្ដន្ទាទោស និងរស់នៅក្រៅមន្ទីរឃុំឃាំងបានទៅវិញ។

ត្រង់ចំណុចនេះ អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី បានដាក់ការសង្ស័យថា សំណុំរឿងនេះ ទំនងជា អាចមានអ្នករត់ការ ឈានដល់ការផ្តល់សំណូកពុករលួយ នៅប្រព័ន្ធតុលាការក្នុងអំឡុងពេលនោះក៏ថាបាន ទើបជនល្មើស ដែលត្រូវមន្ត្រីកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់បញ្ជូនខ្លួន ទៅកាន់តុលាការរួចហើនោះបែរជាត្រូវដោះលែងវិញ។

គួររំលឹកថា កាលពីឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យ ចំពោះអនុសេនីយ៍ទោ កង សុផាត មានតួនាទីនាយរងផ្នែកព័ត៌មានលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ និងសង្គម នៃការិយាល័យសន្តិសុខផ្ទៃក្នុង ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញផុតចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។

ចំណែក តំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក៏បានចេញដីកាបង្គាប់ទៅមន្ត្រីនគរបាលយុត្តិធម៌ ឲ្យចាប់ខ្លួនឈ្មោះ កង សុផាត យកមកឃុំខ្លួនក្នុងពន្ធនាគារខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០១០។

ដោយឡែក លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក៏ធ្លាប់បញ្ជាក់ថា រាល់ថ្ងៃនេះ ជនល្មើសឈ្មោះ កង សុផាត ដែលអតីតជាមន្ត្រីនគរបាលខេត្តនេះ មិនមានវត្តមាននៅក្នុងខេត្តព្រះសីហនុ ទៀតទេ ហើយកម្លាំងជំនាញស្ថាប័នលោកបានបន្តឃ្លាំមើល និងចុះស្រាវជ្រាវមុខសញ្ញានេះ ដោយយកចិត្តទុកដាក់ ព្រោះមានដីកាឲ្យនាំខ្លួន និងឃុំខ្លួនជនល្មើសឈ្មោះ កង សុផាត ពីតុលាការលើសំណុំរឿងនេះរួចហើយ៕

អត្ថបទដែលជាប់ទាក់ទង