រសៀលនេះ ខ្យល់ព្យុះបោកដួលបង្គោលភ្លើង និងដាច់ចរន្តអគ្គិសនី នៅសង្កាត់៣ ក្រុងព្រះសីហនុ..

ខេត្តព្រះសីហនុ៖ អគ្គិសនីខេត្តព្រះសីហនុ បានជូនដំណឹងថា នៅម៉ោង ១២ និង៣៩នាទី រសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០នេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុ ទ្វារចរន្ត(F6B)និងពីអនុស្ថានីយស្ទឹងហាវទ្វារចរន្ត(F5A) មូលហេតុដោយសារមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់ខ្លាំង ដែលបណ្តាលឲ្យបង្គោលបណ្តាញតង់ស្យុងទាប(LV) និងតង់ស្យុងមធ្យម(MV)បានទ្រេតជាច្រើនដើម។ បាតុភូតធម្មជាតិនេះ បានបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ស្ថិតក្នុងភូមិ០២ ភូមិ០៣ សង្កាត់លេខ០៣ ក្រុង-ខេត្តព្រះសីហនុ។

ចំពោះករណីនេះ ក្រុមការងារបច្ចេកទេស កំពុងដុតដៃដុតជើង ធើ្វការតម្រង់បង្គោល និងភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ។ ជាងនេះទៀត នៅពេលទទួលបានព័ត៌មានបន្ថែម ពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារអគ្គិសនីខេត្តព្រះសីហនុ នឹងជូនដំណឹងជាបន្តបន្ទាប់ទៀត ។
អាស្រ័យហេតុនេះ សាធារណជន និងប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យ ចំពោះការដាច់ចរន្តអគ្គិសនីខាងលើនេះដោយអនុគ្រោះផងចុះ៕

អត្ថបទដែលជាប់ទាក់ទង