ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ បានលង់ទឹកស្លាប់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្មេងប្រុសម្នាក់ បានលង់ទឹកស្លាប់ កាលពីវេលាថ្ងៃត្រង់ថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចកំពង់ទូក ព្រែកតាលេវ ស្ថិតក្នុងភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំតានៃ បានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ កា ដាវណ្ណ ភេទប្រុស អាយុ ០២ឆ្នាំ មានទីលំនៅជាមួយឪពុកម្តាយនៅចំណុចកើតហេតុខាងលើ។

សមត្ថកិច្ចឲ្យដឹងថា មូលហេតុនាំឲ្យក្មេងប្រុសខាងលើរងគ្រោះដល់អាយុជីវិត ដោយសារដើរទៅលេងនៅលើទូក ដែលចតនៅកំពង់ទូកតែម្នាក់ឯង ព្រោះម្តាយមានជម្ងឺ សម្រាកដាក់សេរ៉ូមនៅក្នុងផ្ទះ។

សមត្ថកិច្ចបន្តថា លុះរហូតដល់ម៉ោង ០៣រសៀលថ្ងៃដដែល ទើបឪពុកម្តាយដឹងថា បាត់កូន ក៏នាំគ្នាដើររករួចបានប្រទះឃើញកូនលង់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយសមត្ថកិច្ចជំនាញ បានពិនិត្យសពក្មេងប្រុសរួចរាល់ ក៏បានប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង