សមត្ថកិច្ចរកឃើញសពក្មេងស្រីរអិលជើងធ្លាក់ជ្រោះ នៃរមណីយដ្ឋានក្បាលឆាយខេត្តព្រះសីហនុ ឃើញហើយ..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ករណីក្មេងស្រីរអិលជើងធ្លាក់ចូលទឹកជ្រោះ រមណីយដ្ឋានក្បាលឆាយ កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ត្រូវសមត្ថកិច្ចចម្រុះ បានស្វែងរកសាកសពឃើញហើយ នៅម៉ោងប្រមាណ ០៨ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

សមត្ថកិច្ចបញ្ជាក់ថា សពក្មេងស្រីរងគ្រោះមានឈ្មោះ រឿង បញ្ញា អាយុ ១៣ឆ្នាំ ជាសិស្សរៀននៅខេត្តបាត់ដំបង ហើយបច្ចប្បន្នស្នាក់បណ្ដោះអាសន្ននៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានរអិលជើងធ្លាក់ចូលទៅក្នុងល្បាក់ថ្ម នៃ រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ ក្នុងអំឡុងពេលមកលេងកម្សាន្ត ជាមួយក្រុមគ្រួសារ កាលពីរសៀលថ្ងៃទី២១ ខែតុលា។

ក្រោយទទួលដំណឹង ពីការបាត់ខ្លួនក្មេងស្រីខាងលើនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានដឹកនាំកម្លាំងចម្រុះចុះបញ្ជាផ្ទាល់ ដើម្បីរុករកសង្គ្រោះក្មេងស្រីរងគ្រោះភ្លាមៗដែរ។ ប៉ុន្តែដោយសារតែយប់ងងឹត ចូលមកដល់ កម្លាំងចម្រុះ ក៏ផ្អាកការរុករក រហូតដល់ព្រឹកថ្ងៃទី២២ ខែតុលានេះ សមត្ថកិច្ច និងក្រុមសង្គ្រោះ ក៏បានបន្តស្វែងរកឃើញ  និងស្រង់យកសាកសពក្មេងស្រីរងគ្រោះ នៅជាប់ក្នុងល្បាក់ថ្ម។

ពេលនេះ សមត្ថកិច្ច ក៏បានប្រគល់សាកសពក្មេងស្រីរងគ្រោះ ឲ្យក្រុមគ្រួសារ ដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី ក្រោយបានបំពេញបែបបទតាមនីតិវិធីរួច៕

អត្ថបទដែលជាប់ទាក់ទង