ក្មេងស្រីសិស្សសាលាអាយុ ១២ឆ្នាំម្នាក់ទៀត បានលង់ទឹកស្លាប់ ក្នុងរណ្តៅដីមួយកន្លែង នៅក្រុងព្រះសីហនុ..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្មេងស្រីសិស្សសាលា អាយុ១២ឆ្នាំម្នាក់ទៀត បានលង់ទឹកស្លាប់ នៅក្នុងរណ្តៅជីកដីមួយកន្លែង មានទីតាំងនៅម្តុំជិតបញ្ជាការដ្ឋានតំបន់សឹករងខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

សមត្ថកិច្ចបញ្ជាក់ថា សពកុមារីរងគ្រោះរូបនេះ ឈ្មោះ សុី ម៉ាលីកា អាយុ១២ឆ្នាំ ជាសិស្សថ្នាក់ទី៦ សាលាបឋមសិក្សាចំកាកៅស៊ូ ក្រុងព្រះសីហនុ ហើយឪពុកឈ្មោះ សំ ចាន់វ៉ាន់សុី អាយុ៣៩ឆ្នាំ (លែងលះគ្នា) និងម្តាយ ឈ្មោះ គី សុធារី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ។

សមត្ថកិច្ចសង្កាត់លេខ១ បន្តថា មូលហេតុបណ្តាលឲ្យស្លាប់ គឺជនរងគ្រោះ បានទៅលេងទឹកជាមួយមិត្តភក្តិ រួចក៏រអិលជ្រុះស្បែកជើង ចូលទៅក្នុងរណ្តៅដី ដែលមានទឹកជ្រៅ ហើយក្មេងស្រីរងគ្រោះ បានចុះទៅយក ក៏បណ្តាលឲ្យធ្លាក់ទឹកស្លាប់តែម្តង។

បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្បតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង