ថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ឆ្ពោះទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ស្អែកនេះ នឹងអញ្ជើញបើកការដ្ឋានដំណើរការសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ចេញពីទីក្រុងកោះពេជ្រ ឆ្ពោះទៅកាន់ទីក្រុងរណបកោះនរា និងចេញពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្ពានតភ្ជាប់ពីកោះពេជ្រ ឆ្ពោះទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ស្ពាននេះ គ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារអាមេរិក។

ដោយឡែកស្ពាន តភ្ជាប់ពីក្រុងរណបកោះនរា ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ និង ទទឹង ២១ម៉ែត្រ ហើយគ្រោងចំណាយពេលសាងសង់ ១២ខែ ដោយចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។

គួររំលឹកថា កោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC អភិវឌ្ឍន៍ជាទីក្រុងរណបថ្មី លើផ្ទៃដីជាង ១០០ហិកតា។

គម្រោងនេះ នឹងត្រូវរៀបចំអភិវឌ្ឍន៍ដូចគ្នា ទៅនឹងទីក្រុងកោះពេជ្រដែរ៕

អត្ថបទដែលជាប់ទាក់ទង