សេចក្ដីស្រាយបំភ្លឺ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០នេះ បានឃើញគណនេយ្យហ្វេសប៊ុកមួយឈ្មោះ Pa Rak Sa បានបង្ហោះពាក់ព័ន្ធដែនសមត្ថកិច្ច របស់ខ្លួន..។

ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជារឲ្យ លោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ ដឹកនាំកម្លាំងចុះទៅស្រាវជ្រាវជាបន្ទាន់ ហើយជាលទ្ធផល បានរកឃើញថា នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០ និង០៧នាទី ឈ្មោះ ទឹម ចំរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកបរ បានទូរស័ព្ទមកឈ្មោះ តាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង ដោយស្តាប់ទូរស័ព្ទ មានការភាន់ច្រឡំគ្នា ធ្វើឲ្យមានការលើសលួសពាក្យសម្តី រវាងឈ្មោះ តាន់ ពិសិដ្ឋ និង ឈ្មោះ ទឹម ចំរ៉ុង និងឈានដល់ការជួបគ្នាបង្កការប្រវាយប្រតប់គ្នា រហូតមានកម្លាំងប្រជាការពារចំនួន ០៤នាក់ចូលមកឃាត់ និងបានវាយទៅលើឈ្មោះ ទឹម ចំរ៉ុង បណ្តាលឲ្យរងរបួសស្រាលតែម្តង។

ទោះជាបែបនេះក្តី នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលានេះ លោក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានកោះហៅភាគីទាំងពីរមកធ្វើការសម្របសម្រួលគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាម ដោយភាគី លោក តាន់ ពិសិដ្ឋ យល់ព្រមទទួលស្គាល់កំហុស និងធ្វើការសូមទោសទៅកាន់ លោក ទឹម ចំរ៉ុង ដែលបានរងបួសស្រាល ហើយភាគីទាំងពីរ ក៏បានធ្វើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ ដោយសន្យាថា នឹងមិនប្តឹងផ្តល់បន្តទៀតនោះទេ ដោយសារតែកំហុសគ្រប់យ៉ាង កើតចេញពីការយល់ច្រឡំប៉ុណ្ណោះ។

ចំពោះករណីនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យកោះហៅឈ្មោះ តាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង មកធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្តអំពើខុសឆ្គងបន្តទៀត។

ផ្តើមពីបញ្ហានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ចំពោះសាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបានចូលរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាចូលរួមចំណែក ក្នុងការរិះគន់កែលម្អ ចំពោះការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង