ពេលនេះអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ អាចប្រើប្រាស់ផ្លូវក្រោមដី នៅចំណុចរង្វង់មូលចោមចៅ រាជធានីភ្នំពេញបានហើយ..

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២០នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបើកឲ្យដំណើរការផ្លូវក្រោមដី នៅចំណុចអតីតរង្វង់មូលចោមចៅ ចាប់ពីពេលនេះតទៅ។

ផ្តើមពីបញ្ហានេះ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ក៏បានដឹកនាំកម្លាំងជំនាញ ចុះពិនិត្យមើលស្ថានភាពផ្លូវ និងពិនិត្យមើលចំណុចខ្វះខាត នៃលំហូរចរាចរណ៍ចូលក្នុងផ្លូវក្រោមដី ជាមួយមន្ត្រីជំនាញ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

នាឱកាសនោះ លោកក៏បានដាក់មន្ត្រីចរាចរណ៍ ឲ្យឈរបញ្ជាចរាចរណ៍ និងណែនាំដល់ពលរដ្ឋ អ្នកបើកបរឲ្យយល់ដឹង ពីការចូលផ្លូវក្រោមដី ត្រង់ចំណុចរង្វង់មូលចោមចៅនេះផងដែរ។

កាលពីព្រឹកថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២០​នេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ផ្លូវក្រោមដីអតីតរង្វង់មូលចោមចៅ តភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ ទៅមហាវិថីសហព័ន្ឋរុស្ស៊ី នៅវេលាម៉ោង ១០ព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលានេះ បានចាប់ផ្តើមបើកធ្វើចរាចរណ៍ផ្លូវក្រោមដីនៅចំណុចអតីតរង្វង់មូលចោមចៅនេះ..។

នាឱកាសនោះ លោកវរសេនីយ៍ឯក សែម រតនា ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា​ ដើម្បីការពារអាយុជីវិត និងការពារទ្រព្យសម្បត្តិ របស់ខ្លួនផង និងអ្នកដ៏ទៃ​ផង៕

អត្ថបទដែលជាប់ទាក់ទង