លោក កឹម សុខា នាំយកស្រូវពូជចំនួន៤តោន​ ជាជំនួយរបស់សប្បុរសជនខ្មែរ​ រស់នៅក្រៅប្រទេស ចែកជូនកសិករ១០០គ្រួសារ

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ​ ទី២៦ ខែតុលា ឆ្នាំ២០២០នេះ​ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកថា ” យើងខ្ញុំ យកស្រូវពូជចំនួន ០៤តោន​ (៤០០០គីឡូក្រាម) ដែលជាអំណោយ របស់សប្បុរសជនខ្មែរ​ ដែលរស់នៅក្រៅប្រទេស ចែកជូនប្រជាកសិករខ្មែរ ១០០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ខូចខាតស្រូវ ដែលគាត់បានធ្វេីកន្លងមក​ នៅខេត្តកំពង់ឆ្នាំង។​ ​ស្របតាមដំណើរនេះ ខ្ញុំក៏បានចែកពូជដូងក្រអូបមួយចំនួនជូនប្រជាពលរដ្ឋ ដែលរស់នៅលើដីទួលតាមដងផ្លូវផងដែរ”។

លោក កឹម សុខា ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ” ក្នុងដំណាក់កាលចុងក្រោយនេះ មានខេត្តខ្លះ ភូមិឃុំខ្លះ បានធូរស្បើយពីទឹកជំនន់ហើយ ដូច្នេះជំនួយ របស់សប្បុរសជន តម្រូវឲ្យខ្ញុំបង្វែរមកជួយផ្តល់ពូជដំណាំ ជាពិសេសស្រូវ​ពូជ ដែលជាការចាំបាច់សម្រាប់ប្រជាកសិករយើង​ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ យកទៅដាំដុះឡេីងវិញ​ ឬបន្តដាំដុះតទៅទៀត ដើម្បីជីវភាពរស់នៅរបស់គាត់”។​

លោក កឹម សុខា បន្តទៀតថា ” ក្នុងឱកាសនេះដែរ ខ្ញុំសូមកោតសរសើរ​ និងថ្លែងអំណរគុណ​ ចំពោះបងប្អូនជនរួមជាតិខ្មែររស់នៅក្នុង​ និងក្រៅប្រទេស ដូចជាសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី បារាំង អាល្លឺម៉ង់ ហូឡង់ដ៍​ និងកូរ៉េខាងត្បូង ដែលមានចិត្តសប្បុរស ផ្តល់ជាសទ្ធាក្នុងព្រះពុទ្ធសាសនា និងជាជំនួយមនុស្សធម៌ មកជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរយើង ដែលរងគ្រោះដោយទឹកជំនន់កន្លងមក និងនៅបន្តជួយផ្តល់ពូជដំណាំជូនប្រជាកសិករយើង ដែលខ្វះខាតទៀត “។

លោក កឹម សុខា បន្តថា ” សេចក្តីត្រូវការ របស់មនុស្ស អាចមិនចេះចប់​ ក៏ប៉ុន្តែសេចក្តីត្រូវការ ដើម្បីរស់ គឺជាការចាំបាច់ ដែលយើងជាមនុស្សត្រូវតែរួបរួមគ្នា ដើម្បីជួយសង្គ្រោះ ទោះបីតិច ឬច្រើនក្តី ដោយមិនគួរមើលបំណាំគ្នា ឬយកជម្លោះមកធ្វើជាឧបសគ្គឡើយ។ ដូចដែលខ្ញុំបានបញ្ជាក់ហើយ អ្វីដែលអាចធ្វើបាន «ដើម្បីខ្មែរ» ខ្ញុំព្យាយាមធ្វើតាមលទ្ធភាព​ និងស្ថានភាព ដែលអាចធ្វើបាន ដោយមិនបំពាន​ និងដោយអហិង្សា ទោះបីខ្ញុំ មិនទាន់មានសិទ្ធិសេរីភាពពេញលេញក៏ដោយ “៕

អត្ថបទដែលជាប់ទាក់ទង