ឃាត់ខ្លួនជនជាតិចិន និងវៀតណាម ៣នាក់ ក្រោយរកឃើញគ្រឿងញៀនមួយចំនួន..
ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលស្រុកកំពង់សីលា បានឃាត់ខ្លួនជនសង្ស័យជនជាតិចិន និងវៀតណាម ចំនួន០៣នាក់ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រោយឆែករកឃើញគ្រឿងញៀន ដាក់ជាប់តាមរថយន្ត។
ការឃាត់ខ្លួននេះ ធ្វើឡើងដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយ លោក ចាន់ ពន្លក អភិបាលរងស្រុក ក្នុងអំឡុងពេលដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានឲ្យដឹងថា ក្នុងពេលដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះនោះ ក៏មានរថយន្ត ០១គ្រឿងបើកមកដល់គោលដៅត្រួតពិនិត្យ រួចបេីកគេចពីការត្រួតពិនិត្យ ប៉ុន្តែសមត្ថកិច្ច ក៏បានដេញតាម រួចឃាត់រថយន្តនោះ នាំយកមកគោលដៅត្រួតពិនិត្យវិញ។
សមត្ថកិច្ច ឲ្យដឹងបន្តថា រថយន្តខាងលើនេះ ម៉ាកស្តារិច ពណ៌ទឹកប្រាក់ បេីកបរដោយជនជាតិចិន មានទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ ដោយមានអ្នករួមដំណេីរចំនួន០៣នាក់ (ទាំងអ្នកបេីកបរ) មានឈ្មោះ៖
១- ឈ្មោះ Feng Yu ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន អ្នកបេីកបរ
២- ឈ្មោះ Gao Ying Kai ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន អ្នករួមដំណេីរ
៣- ឈ្មោះ Vu Thi Minh Hien ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម អ្នករួមដំណេីរ។
ក្រោយត្រួតពិនិត្យ សមត្ថកិច្ច បានរកឃេីញ៖
១- ម្សៅសារធាតុញៀន ម៉ាទឹកកក ចំនួន ០៧កញ្ចប់ (ធំ០២កញ្ចប់ តូច០៥កញ្ចប់) កញ្ឆាក្រៀម ០១កញ្ចប់តូច និងថ្នាំពណ៌ខៀវ ០៦គ្រាប់។
២- ខ្នោះដៃចំនួន ០១គូ
៣- ដំបងឆក់ចំនួន ០១ដេីម
៤- ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង
៥- រថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ ២AZ៨៤៨១ ចំនួន ០១គ្រឿង និងវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្នជនសង័្សយ និងវត្ថុតាង ត្រូវសមត្ថកិច្ច ឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដេីម្បីឈានទៅកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការបន្តនីតិវិធីតាមច្បាប់៕

