ថ្ងៃនេះ ក្រសួងសុខាភិបាលរកឃើញ បុរសជនជាតិខ្មែរ២នាក់ មានផ្ទុកវីរុសកូវីដ-១៩..

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា រកឃើញបុរសជនជាតិខ្មែរចំនួន ០២នាក់ ម្នាក់រស់នៅស្រុកល្វាឯម ខេត្តកណ្តាល និង ម្នាក់ទៀត រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយចូលមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ បានឲ្យដឹងថា បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ទាំង២នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកធ្វើដំណើរតាមយន្តហោះ ជាមួយអ្នកជំងឺទាំង ០២នាក់ ខាងលើនេះ មានចំនួន៣៩នាក។

រីឯអ្នកដំណើរចំនួន ៣៧នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅវិទ្យាល័យពោធិ៍ចិនតុង ចំនួន១១នាក់, សណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ចំនួន០៥នាក់ និងសណ្ឋាគារផ្សេងទៀតក្នុងរាជធានីភ្នំពេញ ចំនួន២៣នាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សរុបមានចំនួន០៧នាក់។

សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០៖

អត្ថបទដែលជាប់ទាក់ទង