អាជ្ញាធរខណ្ឌច្បារអំពៅ ឲ្យផ្អាកសកម្មភាពហ៊ុមព័ទ្ធរបងយកច្រាំងទន្លេមេគង្គ ធ្វើជាកម្មសិទ្ធិខុសច្បាប់ នៅក្បែរកោះនរា

រាជធានីភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យផ្អាកសកម្មភាពហ៊ុមព័ទ្ធរបងខុសច្បាប់ ដើម្បីរំលោភយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិឯកជន នៅក្បែរកោះនរា។

សកម្មភាពហ៊ុមព័ទ្ធរបងស័ង្កសីនេះ កើតឡើងនៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅលើច្រាំងទន្លេមេគង្គប្រមាណ២០០ម៉ែត្រ ដែលអ្នកភូមិប្តឹងចោទប្រកាន់ថា បានបំពានយកដោយខុសច្បាប់។

យោងតាមរបាយការណ៍ពីមន្ត្រីសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីសាងសង់របងដែកនេះ គឺមិនទាន់មានលិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញទេ។ ដូច្នេះក្រុមការងារសម្រេចឲ្យម្ចាស់របងផ្អាកការសាងសង់របងជាបណ្តោះអាសន្នសិន ដោយរង់ចាំធ្វើការដោះស្រាយទំនាស់ជាមុនសិន។

របាយការណ៍ ដែលប្រជាពលរដ្ឋផ្ញើមកអ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានលើកឡើងថា ម្ចាស់សំណង់របងនេះ មានឈ្មោះ លឹម វុទ្ធី ជាតំណាង ហើយបានទទួលស្គាល់ចំពោះការហ៊ុមព័ទ្ធយកនេះ គឺ “ជាមាត់ទន្លេ” ដែលច្បាប់ហាមឃាត់មិនឲ្យយកជាកម្មសិទ្ធិឯកជន។

ចំណែកឯកសារដដៃទៀត បានបង្ហាញថា អាជ្ញាធរខណ្ឌច្បារអំពៅធ្លាប់បានហាមឃាត់ និងរុះរើបង្គោលរបងសាងសង់លើទីតាំងខសងលើនេះ ដោយចាត់ទុកជាសំណង់ខុសច្បាប់បំពានយកច្រាំងទន្លេ៕

អត្ថបទដែលជាប់ទាក់ទង