ចាប់ពីព្រឹកថ្ងៃទី២៩ តុលានេះ ភ្លៀងបន្តធ្លាក់នៅតាមខេត្តជាប់សមុទ្រទាំង៤ ជាប់មិនដាច់..
ខេត្តព្រះសីហនុ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ មានភ្លៀងធ្លាក់ពីខ្សោយ ទៅមធ្យម នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រទាំង០៤រួមមាន៖ ខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ ទៅមធ្យម នៅក្រុងព្រះសីហនុ, ស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។ ខេត្តកោះកុង មានភ្លៀងរលឹមស្រិចៗ នៅក្រុងខេមរភូមិន្ទ, ស្រុកមណ្ឌលសីម៉ា, ស្រុកកោះកុង និងស្រុកបូទុមសាគរ។
ចំណែក ខេត្តកំពត និងខេត្តកែប មានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ ទៅមធ្យម ដោយផ្ទៃមេឃ នៅតាមខេត្តជាប់ឆ្នេរសមុទ្រទាំង០៤ គឺមានពពកខ្មៅ អួរអាប់ និងមិនមានពន្លឺថ្ងៃនោះទេ។
ក្រសួងធនធានទឹក ឲ្យដឹងដូច្នេះ រួចបន្តថា គិតត្រឹមព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែតុលានេះ ស្ថានភាពទឹកភ្លៀង នៅតាមបណ្តារាជធានី-ខេត្តនានាទូទាំងប្រទេស មិនទាន់មានសញ្ញាប្រកាសអាសន្ន ពីជំនន់ទឹកភ្លៀងនេះនៅឡើយទេ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញរបាយការណ៍ថា គិតត្រឹមល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានសម្លាប់មនុស្ស ៤៤នាក់ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋប្រមាណ ១៣៤ ០០៣ ខ្នង ហើយខូចខាតទាំងស្រុងចំនួន ៦៣ខ្នង។
ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់រាជធានី-ខេត្តចំនួន២០ ស្មើ ១២១ ក្រុង-ស្រុក-ខណ្ឌ រួមមាន៖ ខេត្តពោធិ៍សាត់ ប៉ៃលិន, បន្ទាយមានជ័យ, រាជធានីភ្នំពេញ, បាត់ដំបង, ស្វាយរៀង, ត្បូងឃ្មុំ, ឧត្តរមានជ័យ, សៀមរាប, តាកែវ, កំពង់ស្ពឺ, មណ្ឌលគិរី, ព្រះសីហនុ កោះកុង, ព្រះវិហារ, ស្ទឹងត្រែង, កំពង់ចាម, កណ្តាល, កំពង់ឆ្នាំង និងខេត្តកំពង់ធំ។
ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១៤៩ ៨៥៧ គ្រួសារ ឬស្មើប្រមាណ ៥៩៩ ៤២៨នាក់៕

