ល្បែងជល់មាន់និងអាប៉ោងទ្រង់ទ្រាយធំ កំពុងបើកលេងអនាធិបតេយ្យ នៅស្រុកត្បូងឃ្មុំ ដោយគ្មានសមត្ថកិច្ចចុះបង្ក្រាបទេ..

ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋស្រុកត្បូងឃ្មុំ បានអះអាងថា សង្វៀនជល់មាន់ និងអាប៉ោងទ្រង់ទ្រាយធំ មានទីតាំងនៅចំណុចវាលវង់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ រាប់យូរខែមកហើយៗ អាជ្ញាធរ និងសមត្ថកិច្ចនគរបាល មូលដ្ឋាន ហាក់ធ្វើមិនដឹងមិនឮ ឬធ្មេចភ្នែកបើកភ្លើងខៀវឲ្យវង់ល្បែងស៊ីសងទាំងនោះ អាចដំណើរការដោយគ្មានការរំខាន។

ប្រភពបន្តថា ជាក់ស្ដែងនៅរសៀលថ្ងៃទី២៩ ខែតុលានេះ ក្រុមញៀនល្បែងបានបន្តនាំគ្នាមកលេងល្បែងភ្នាល់ទាំងនេះ ដោយដាក់លុយរាប់លានរៀល សម្រាប់ការជល់មាន់មួយគូៗ។ ចំណែកល្បែងអាប៉ោងវិញ គឺក្នុងមួយគ្របៗ គេចាក់លុយរាប់ពាន់ដុល្លារអាមេរិកឯណោះ។

ប្រជាពលរដ្ឋស្រុកត្បូងឃ្មុំ បន្តថា សកម្មភាព នៃការលេងល្បែងជល់មាន់ និងអាប៉ោង ទាំងនោះគឺពួកគេលេងជាប្រចាំរាល់ថ្ងៃ ដោយគ្រាន់តែចល័តទីតាំងខុសៗគ្នាចំនួន ០៣កន្លែង ដោយស្ថិតនៅក្នុងឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ដដែល។ ប្រភពបន្តថា ក្នុងមួយសប្ដាហ៍គេលេង ០៧ថ្ងៃ គឺលេងនៅ ភូមិតាប៉ាវពេញទេស ០៣ថ្ងៃ រួចចល័តទៅលេងនៅ ភូមិ៨៣ ចំនួន០២ថ្ងៃ រួចបន្តចល័តទៅលេងនៅ ភូមិតាប៉ាវជ្រៃមីន ០២ថ្ងៃទៀត ពោលគឺពួកគេលេងវិលជុំរហូត ហើយទីតាំងទាំង ០៣កន្លែងនោះ ស្ថិតនៅជិតៗគ្នា។

ប្រភពបន្តទៀតថា មូលហេតុដែលសង្វៀនជល់មាន់ និងវង់អាប៉ោង ខាងលើនេះ អាចដំណើរការយ៉ាងរលូន ក៏ព្រោះតែមានមេការម្ចាស់សង្វៀនម្នាក់ឈ្មោះ គុយ ដែលជាអ្នកដកលុយថ្លៃតុង ហើយពូកែរត់ការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដើម្បីអាចបើកល្បែងស៊ីសងទាំងនេះ បានដោយរលូន និងគ្មានការចុះបង្ក្រាបពីកម្លាំងសមត្ងកិច្ច។ ជាងនេះទៀត ប្រសិនបើមានរឿងអ្វីកើតឡើង សមត្ថកិច្ចគេនឹងប្រាប់ដំណឹងឲ្យបានដឹងជាមុន។

ទាក់ទិនបញ្ហានេះ លោក សាំ ហេង អធិការស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ករណីល្បែងស៊ីសងខាងលើនេះ គឺក្រុមអ្នកញៀនល្បែងទាំងនោះ បានលួចលេង នៅចំណុចមាត់អូរ ហើយចល័តទីតាំងម្ដងត្រង់នេះ ម្ដងត្រង់នោះ។

យ៉ាងណាក៏ដោយចុះ លោកអធិការបន្តថា នឹងបញ្ចូនកម្លាងនគរបាលស្រុកត្បូងឃ្មុំ និងនគរបាលឃុំ ឲ្យចុះឃ្លាំមើល ការប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងទាំងនោះ ដើម្បីឈានទៅពង្រាយកម្លាំងចុះបង្ក្រាប ឲ្យមានប្រសិទ្ធភាព។

យ៉ាងនេះក្តី ប្រជាពលរដ្ឋរស់នៅស្រុកត្បូងឃ្មំ បានសំណូមពរដល់លោកដ្នងការនគរបាលខេត្តត្បូងឃ្មំ ជាពិសេសលោកអភិបាលខេត្តត្បូងឃ្មុំ សូមជួយអន្តរាគមន៍បង្ក្រាបវង់ល្បែងជល់មាន់ និងអាប៉ោង ដុះស្លែ ដែលកំពុងធ្វើសកម្មភាព ក្នុងមូលដ្ឋានស្តុកត្បូងឃ្មុំ ឲ្យបានឆាប់ និងមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង