លោក កឹម សុខា បន្តនាំយកជំនួយមនុស្សធម៌ ចែកជូនពលរដ្ឋ១០០គ្រួសារ នៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ព្រឹកថ្ងៃសុក្រ​ ទី៣០ ខែតុលា ឆ្នាំ២០២០នេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបន្តនាំយកជំនួយមនុស្សធម៌ និងឧបករណ៍សូឡា យកទៅចែកជូនប្រជាពលរដ្ឋ និងប្រគេនព្រះសង្ឃ នៅវត្តមួយ ក្នុងខេត្តព្រះវិហារ។

លោក កឹម សុខា បានផ្ញើសារតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកថា “ថ្ងៃនេះ ខ្ញុំបានធ្វើដំណើរមកកាន់ខេត្តព្រះវិហារ ដោយនាំយកឧបករណ៍សូឡា ឥ(អគ្គិសនីពន្លឺព្រះអាទិត្យ​)​ មកប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងវត្ត​ ដែលស្ថិតក្នុងព្រៃដាច់ស្រយាល​ មិនទាន់មានភ្លើងអគ្គិសនីរដ្ឋតចូលដល់ តាមសំណើរ របស់ព្រះសង្ឃ​ និងគណ:កម្មការវត្ត ដែលបានស្នើខ្ញុំយូរណាស់មកហើយ​ៗ ទេីបតែថ្ងៃនេះ​ ខ្ញុំមានឱកាសយកមកប្រគេន។​ ហើយខ្ញុំ ក៏បានយកពូជដូងក្រអូប​ ប្រគេនព្រះសង្ឃ សម្រាប់ដាំក្នុងវត្ត​ និងចែកជូនពុទ្ធបរិស័ទជើងវត្តខ្លះដែរ”។​

លោក កឹម សុខា បន្តទៀតថា ក្នុងឱកាសនេះដែរ បន្ថែមពីការប្រគេនទេយ្យទាន ចំពោះព្រះសង្ឃផ្ទាល់ រូបលោក ក៏បានផ្តល់នូវជំនួយមនុស្សធម៌ របស់បងប្អូនខ្មែររស់នៅក្រៅប្រទេស មានអង្ករ មី ទឹកត្រី ទឹកសុីអុីវ ជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាតខ្លាំងចំនួន ១០០គ្រួសារ​ តាមរយៈព្រះសង្ឃនៅទីនេះផងដែរ។

លោក កឹម សុខា ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ជាការចៃដន្យ តាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ពេលនេះ ជាឱកាសបុណ្យអុំទូក សំពះព្រះខែ អកអំបុក ទោះបីឆ្នាំនេះ ហើយយើងមិនបានប្រារព្ធពិធីបុណ្យអុំទូកក៏ដោយ ប៉ុន្តែថ្ងៃនេះដែរ បងប្អូនពុទ្ធបរិស័ទខ្មែរយើងនៅទីនេះ ក៏បានយកអំបុក ចេក ដូង មកពិសារជុំគ្នាជាមួយខ្ញុំ​ និងសហការី ហើយក៏បានវេចខ្ចប់ផ្ញើមកជូនភរិយា របស់លោក សម្រាប់ធ្វើពិធីអកអំបុក ក្នុងពេលខែពេញបូណ៌មីផងដែរ។​ មុននឹងត្រឡប់មកវិញ លោក កឹម សុខា ក៏បានចូលទស្សនា ដុតធូបនៅប្រាសាទក្រពុំឈូកផងដែរ។ លោកថា លោកមានមោទនភាព​ និងអរគុណណាស់ នូវសន្តានចិត្តជាភាតរៈ​ របស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ដែលធ្វើឲ្យខ្ញុំរឹតតែមិនចង់​ និងមិនត្រូវឃ្លាតឆ្ងាយពីបងប្អូនឡើយ៕

អត្ថបទដែលជាប់ទាក់ទង