រដ្ឋាភិបាលសហរដ្ឋអាមេរិក ជួយជនរងគ្រោះដោយទឹកជំនន់ជាង ២៥០០គ្រួសារ នៅខេត្តពោធិ៍សាត់

រាជធានីភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសេចក្តីប្រកាសព័ត៌មានថា រដ្ឋាភិបាលអាមេរិក បាន​ផ្តល់ជំនួយ​ជា​ស្បៀងអាហារ ជូន​ដល់​គ្រួសារជាង ២៥០០គ្រួសារ នៅខេត្តពោធិ៍សាត់ នៃ​ប្រទេស​កម្ពុជា កាលពី​សប្តាហ៍មុន ដែលជាជំនួយរបស់ ទីភ្នាក់ងារជំនួយអាមេរិក​ USAID និងត្រូវបានចែកចាយ​តាមរយៈ កម្មវិធីស្បៀងអាហារពិភពលោក WFP របស់អង្គការសហប្រជាជាតិ។

ប្រទេសកម្ពុជា កំពុងទទួលរងគ្រោះទឹកជំនន់ខ្លាំងបំផុត ​ក្នុងរយៈពេល ២០ឆ្នាំមក​នេះ ពិសេស​នៅតាមតំបន់ ដែលមិនបានត្រៀម ចំពោះទឹកជំនន់ដ៏គំហុកនេះ។ ភ្លៀងខ្លាំងជាប់ៗគ្នា បានបណ្តាលឲ្យមានទឹកជំនន់យ៉ាងរហ័ស ដែលប៉ះពាល់ដល់ខេត្តយ៉ាងតិចចំនួន ១៤ ក្នុងចំណោមខេត្តទាំង ២៥ នៅក្នុងប្រទេស ដោយរួមទាំងរាជធានីភ្នំពេញផងដែរ។

មនុស្ស​ចំនួន ជិត ២០០ ០០០គ្រួសារ បានរងផលប៉ះពាល់ មានមនុស្ស ៤០នាក់បានស្លាប់ ហើយជាង ១៤ ០០០នាក់ ត្រូវបានជម្លៀស។

ដីកសិកម្មចំនួនជិត ៣៣០ ០០០ហិកតា និងផ្លូវថ្នល់ប្រវែងជិត ២១០០គីឡូម៉ែត្រ​ បានរងការខូចខាត ដែលជាហេតុធ្វើឲ្យមានការប៉ះពាល់ដល់បញ្ហាស្បៀងអាហារ និងការប្រកបជីវភាព​រស់នៅ​របស់ប្រជាជន។

ស្ថានទូតអាមេរិក បានឲ្យដឹងថា អង្គការ WFP បានចែកជំនួយស្បៀងអាហារ កាលពីថ្ងៃទី២៨ ខែតុលា ទៅដល់គ្រួសាររងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ចំនួន ២៥៦០គ្រួសារ នៅក្នុងស្រុកចំនួន ០៣ នៅក្រុងពោធិ៍សាត់ ស្រុកបាកាន និងភ្នំក្រវាញ នៃខេត្ត​ពោធិ៍សាត់។

គ្រួសារទាំង​នោះ ត្រូវបាជ្រើសរើសដោយឆ្លងតាមការសម្របសម្រួលជាមួយអាជ្ញាធរខេត្ត ស្រុក និងឃុំ។

ស្ថានទូតអាមេរិកបញ្ជាក់ថា ការផ្តល់ជំនួយទាំងនោះ គឺផ្តល់អាទិភាព​ទៅលើគ្រួសារ​ ដែលស្ថិត​ក្នុងស្ថាន​ភាពងាយរងគ្រោះ ដោយរួមទាំងគ្រួសារដែលត្រូវបានចុះបញ្ជី​ នៃកម្មវិធីជំនួយសម្រាប់ភាពក្រីក្រ របស់រដ្ឋាភិបាល និងគ្រួសារ ដែលមានស្រ្តីជាមេគ្រួសារ ដោយមើលឃើញថា ទឹកជំនន់ បានធ្វើឲ្យចំណូល និងស្បៀងនៅសល់ក្នុងគ្រួសារ​របស់គេ ដែលមានតិចស្រាប់​នោះ កាន់តែមានចំនួនតិចទៅៗ។

ទីភ្នាក់ងារជំនួយអាមេរិក USAID បានផ្តល់ថវិកាចំនួនជាង ០៧លានដុល្លារ សម្រាប់ការឆ្លើយតប ការត្រៀមរៀបចំ​ សម្រាប់គ្រោះមហន្តរាយ និងការកាត់បន្ថយហានិភ័យនៅកម្ពុជា គិតតាំងពីឆ្នាំ ២០០០មក។

សេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិក បញ្ជាក់ថា តាមរយៈគម្រោងស្តីពីភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ សហរដ្ឋអាមេរិក ថែមទាំងកំពុងតែពង្រឹងលក្ខណៈសម្រាប់ការឆ្លើយតប និងការត្រៀមរៀបចំសម្រាប់គ្រោះមហន្តរាយ​នៅក្នុងមូលដ្ឋាន នៅទូទាំងប្រទេសទាំង ៥ ក្នុងតំបន់ទន្លេមេគង្គក្រោម ដោយរួមទាំងប្រទេសកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង