កម្លាំងនគរបាលក្រុងកំពត ចុះបង្ក្រាបក្រុមក្មេងទំនើង ហើយផ្ទុះអាវុធស្លាប់សមាជិកក្មេងទំនើងម្នាក់..

ខេត្តកំពត៖ ក្រុមមន្ត្រីសង្គមស៊ីវិល ធ្វើការងារពាក់ព័ន្ធការគោរពសិទ្ធិមនុស្ស ប្រចាំខេត្តកំពត បានស្នើដល់ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាពិសេស សម្តេចក្រឡាម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអង្កេតទៅលើករណី កងកម្លាំងអធិការនគរបាលក្រុងកំពត ដែលចុះបង្ក្រាបក្រុមក្មេងទំនើង ហើយឈានទៅផ្ទុះអាវុធស្លាប់សមាជិកក្មេងទំនើងម្នាក់ កាលពីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រុងកំពត។

ទាក់ទិនបញ្ហានេះ លោក​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ ស្នងការ​នគរបាល​ខេត្ត​កំពត​ បានឲ្យគេហទំព័រ “កម្ពុជាថ្ងៃនេះ” ដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ករណី ដែលកម្លាំងនគរបាលក្រុងកំពត បានចុះបង្ក្រាប់ក្រុមក្មេងទំនើង ហើយក៏បានផ្ទុះអាវុធគម្រាមក្រុមសមាជិកក្មេងទំនើង ដែលពើបប្រឈមមុខ ជាមួយកម្លាំងសមត្ថកិច្ច រួចក៏ផ្លាតគ្រាប់កាំភ្លើងត្រូវសមាជិកក្មេងទំនើងម្នាក់ស្លាប់។ លោកថា បច្ចុប្បន្ននេះ ចំពោះកងកម្លាំង ឬមន្ត្រីនគរបាលក្រុងកំពត  ដែលជាអ្នកផ្ទុះអាវុធ បណ្តាលស្លាប់ក្មេងទំនើងម្នាក់នោះ នៅរសៀលថ្ងៃអង្គារនេះ សមត្ថកិច្ចជំនាញ នៃស្នងការនគរបាលខេត្តកំពត ក៏បានដាក់ពិន័យទៅលើមន្ត្រីនគរបាល ដែលបានអនុវត្តខុសវិន័យកងកម្លាំង ក្នុងនោះ បានកសាងសំណុំរឿងបញ្ជូនខ្លួន មន្ត្រីនគរបាលចំនួន ០២រូប ក្នុងចំណោមកងកម្លាំងនគរបាលផ្សេងទៀត ដែលចុះបង្ក្រាបក្រុមក្មេងទំនើង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

យ៉ាងនេះក្តី មន្ត្រីអង្គការការពារសិទ្ធិមនុស្សមួយចំនួន ប្រចាំខេត្តកំពត នៅតែកើតទុក្ខមិនសុខចិត្ត ហើយបានស្នើដល់ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាពិសេស សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយអង្កេតឲ្យបានច្បាស់លាស់ ថាតើគ្រាប់កាំភ្លើងដែលបាញ់ត្រូវសមាជិកក្មេងទំនើសម្នាក់ស្លាប់ កាលពីយប់មិញនេះ គឺជាចុងគ្រាប់កាំភ្លើង របស់មន្ត្រីនគរបាលទាំង ០២រូប ដែលត្រូវកម្លាំងជំនាញ នៃស្នងការនគរបាលខេត្តកំពត កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស ឬក៏ជាចុងគ្រាប់កាំភ្លើង របស់កងកម្លាំងសមត្ថកិច្ចផ្សេង..? ប្រយោជន៍ដើម្បីផ្តល់យុត្តិធម៌ជូនភាគីពាក់ព័ន្ធ ស្របតាមច្បាប់..៕

អត្ថបទដែលជាប់ទាក់ទង