ស្នងការដ្ឋាននគរបាលខេត្តកំពត បំភ្លឺលើករណីសមត្ថកិច្ចអធិការនគរបាលក្រុងកំពត ផ្ទុះអាវុធស្លាប់យុវជនម្នាក់!

ខេត្តកំពត៖ ស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ក្រោយមានការចុះផ្សាយ របស់សារព័ត៌មានមួយចំនួន និងគណនីហ្វេសប៊ុក Parith JB កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណងជើងថា «ប៉ូលីសខេត្តកំពតបានបាញ់គាត់ស្លាប់យប់ថ្ងៃទី០២ វិច្ឆិកា រួចដឹកសពមកអោយដល់ផ្ទះ ហើយ យកលុយមកសងជំងឺចិត្ត ៤៥០០ដុល្លារអាមេរិក (4500$) ដើម្បីបញ្ជប់រឿង។ តើច្បាប់ស្រុកខ្មែរ មានចឹងអត់សូមបងប្អូនដែលដឹង ជួយខមិនផង តើមានច្បាប់បែបនឹងអត់? ហើយប៉ូលីសធ្វើចឹងត្រូវ រឺខុស សូមបងប្អូន Share ម្នាក់មួយផង កុំអោយប៉ូលីសមួយចំនួនចេះតែធ្វើខុសតាមអំពើចិត្តពេក» ។

ត្រង់ចំណុចនេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា៖ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១ និង១០នាទី មានជនល្មើស ០១ក្រុម មានគ្នាចំនួន ០៥នាក់ រួមមាន៖

១- ឈ្មោះ ម៉ម វិបុល ភេទប្រុស អាយុ២៩ឆ្នាំ(ស្លាប់)

២- ឈ្មោះ ធម្ម កុម្ភៈ ភេទប្រុស អាយុ១៦ឆ្នាំ (ឃាត់ខ្លួនបាន)

៣- ឈ្មោះ ម៉ាត់ សើគីរីន ភេទប្រុស អាយុ១៧ឆ្នាំ

៤-ឈ្មោះ សុខ ធា ភេទប្រុស អាយុ១៧ឆ្នាំ

៥-ឈ្មោះ រ៉ាន់ ភេទប្រុស អាយុជាង ២០ឆ្នាំ) ជិះម៉ូតូ ០២គ្រឿង បានកាប់ឈ្មោះ តឿ ចាន់ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត នៅចំណុចក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត បណ្តាលឱ្យរងរបួសក្បាលជាទម្ងន់។

សេចក្តីបំភ្លឺដដែលបញ្ជាក់ថា មូលហេតុនាំឲ្យកើតមានអំពើហិង្សាខាងលើនេះ ដោយសារពេលនោះ ជនរងគ្រោះ បានអង្គុយផឹកកាហ្វេនៅតុក្បែរជនសង្ស័យ នៅក្នុងភូមិកើតហេតុខាងលើ។ បន្ទាប់មកជនរងគ្រោះ ក៏បានមើលមុខជនសង្ស័យ ធ្វើឱ្យពួកគេខឹងតាមកាប់ នៅពេលដែលចេញពីហាងកាហ្វេ។

ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគបាលក្រុងកំពត ក៏បានចុះដល់កន្លែងកើតហេតុ រួចក៏ប្រមូលព័ត៌មាន និងពង្រាយកម្លាំងតាមដងផ្លូវស្ទាក់ឃាត់ក្រុមជនសង្ស័យ។ ហើយថា ភ្លាមៗ នោះ កម្លាំងសមត្ថកិច្ច ក៏បានឃាត់ម៉ូតូ ០១គ្រឿង ជិះគ្នា ០២នាក់ ប៉ុន្តែជនសង្ស័យ មិនព្រមឈប់ទេ ដោយថែមទាំងបើកបំបុកកម្លាំងសមត្ថកិច្ចរងរបូសចំនួន ០២នាក់។

ដោយឃើញស្ថានភាពបែបនេះ កម្លាំងសមត្ថកិច្ច ដ៏ទៃទៀត ក៏បានផ្ទះអាវុធផ្ចុចដី ដើម្បីឲ្យម៉ូតូជនសង្ស័យឈប់ ពេលនោះក៏បានផ្លាតក្បាលគ្រាប់ ត្រូវជនសង្ស័យម្នាក់ស្លាប់ នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយភ្លាមៗនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនគូកនជនសង្ស័យបានម្នាក់។

ផ្តើមពីបញ្ហានេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បញ្ជាក់បន្ថែមថា ចំពោះសកម្មភាព របស់កងកម្លាំងសមត្ថកិច្ចខាងលើនេះ បានអនុវត្តសមស្របតាមខ្លឹមសារមាត្រា ៣១ រហូតដល់ មាត្រា ៣៧ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានឃាត់ខ្លួនមន្ត្រីនគរបាលចំនួន ០៣នាក់ ដែលបង្កឲ្យផ្ទះអាវុធបណ្តាលឲ្យជនសង្ស័យស្លាប់ម្នាក់ ដើម្បីអនុវត្តវិន័យ របស់កងកម្លាំងនគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី។

ក្រៅពីនេះ ក្នុងទឹកចិត្តប្រកបដោយមនុស្សធម៌ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព ស្នងការដ្ឋាននគរបាលខេត្ត ក៏បាននាំយកថវិកាចំនួន $៤,៥០០ (បួនពាន់ប្រាំរយដុល្លារគត់) យកទៅប្រគល់ជូនក្រុមគ្រួសារសព សម្រាប់ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
អាស្រ័យហេតុនេះ សូមសាធារណជន ជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង