រាជរដ្ឋាភិបាលកម្ពុជា សម្រេចឲ្យធ្វើចត្តាឡីស័ក ថ្នាក់ដឹកនាំ ​និងមន្ត្រីទាំងអស់​ ដែលជួបប្រមុខការទូតហុងគ្រី​

រាជធានីភ្នំពេញ៖ សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលជួប និងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូនៅក្នុងពេលទស្សនកិច្ចធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួងសុខាភិបាល។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានថា រដ្ឋមន្ត្រី និងពាណិជ្ជកម្មហុងគ្រី លោក ភីធ័រ ហ្សីយាតូ (Péter Szijjártó) ឆ្លងវីរុសកូវីដ-១៩ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស បានអញ្ជើញក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើតេស្តដល់មន្ត្រីទាំងអស់ ដែលធ្វើការពាក់ព័ន្ធ ជាមួយ លោក ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី។

លោក កុយ គួង ឲ្យដឹងដូច្នេះ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន reuters បានផ្សាយថា លោក ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ នៅពេលរូបលោក កំពុងធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ។ ប៉ុន្តែលោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី មិនមានរោគសញ្ញាអ្វីនោះទេ។

សូមបញ្ជាក់ថា លោក ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងដំណើរទស្សនកិច្ចនេះ លោក បានជួបពិភាក្សាការងារ ដោយផ្ទាល់ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម, លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម, លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រ ព្រមទាំងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនរូបផ្សេងទៀត។

ទាក់ទិនបញ្ហានេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបនឹងសំណួរអ្នកកាសែតថា លោកស្រី មិនទាន់ទទួលបានព័ត៌មាននេះទេ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ជារួម អ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវតែធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាពបុគ្គលទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង