គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្សទៀតហើយ នៅលើមហាវិថីឆ្នេររាម ខេត្តព្រះសីហនុ..

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា មនុស្សម្នាក់បានស្លាប់ និងចំនួន ០២នាក់ទៀតរងរបួសធ្ងន់ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកសាំងភីធីធី (PTT) បើកបុក នៅលើមហាវិថីឆ្នេររាម វេលាម៉ោងជាង ៧ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាល ឲ្យដឹងបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តដឹកសាំង ០១គ្រឿងម៉ាក CHENLONG ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-0275 ជាកម្មសិទ្ធិ របស់ក្រុមហ៊ុនប្រេងឥន្ទនៈ ភភធីធី (PTT) ដែលមានទិសដៅពីកើត ទៅលិច (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) ដោយបើកមកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្ក ក៏បានបែកកង់ឆ្វេង រួចរេចង្កូតមកខាងឆ្វេងដៃ បុកអ្នកថ្មើរជើងដែលអង្គុយនៅលើសួនពុះចែកទ្រូងផ្លូវចំនួន ០៣នាក់ មានទីលំនៅភូមិអុង ឃុំរាម ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះទាំង ០៣នាក់ មានឈ្មោះ៖

១- ឈ្មោះ អ៊យ សារ៉ាត់ ភេទស្រី អាយុ ៤០ឆ្នាំ រងរបួសធ្ងន់

២- ឈ្មោះ សាន់ សុផល ភេទស្រី អាយុ ៤០ឆ្នាំ រងរបួសធ្ងន់

៣- ឈ្មោះ ស៊ីន ឆយ ភេទស្រី អាយុ ៣៧ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ

សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួន ដោយទុករថយន្តចោលនៅកន្លែងលើតហេតុ។

បច្ចុប្បន្ននេះ សមត្ថកិច្ច បានប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯជនរងគ្រោះ បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។

ដោយឡែក វត្ថុតាងរថយន្ត ត្រូវសមត្ថកិច្ចនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង