ស្នងការនគរបាលខេត្តកំពត បំភ្លឺបន្ថែមពាក់ព័ន្ធករណីផ្ទុះអាវុធ ផ្លាតត្រូវយុវជនម្នាក់ស្លាប់..

ខេត្តកំពត៖ ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានផ្ញើសារក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្នុងនាមលោក ជាថ្នាក់ដឹកនាំ នៃស្នងការនគរបាលខេត្តកំពត លោកសូមបញ្ជាក់ជូនបន្ថែម និងបំភ្លឺពាក់ព័ន្ធការបង្ក្រាប ករណីការប្រើអំពើហិង្សាកាប់គ្នា រវាងក្មេងពីរក្រុម នៅក្រុងកំពត កាលពីម៉ោង ០៩យប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលឈានដល់ផ្ទុះអាវុធផ្លាតត្រូវសមាជិកក្រុមក្មេង ដែលបានធ្វើសកម្មភាពកាប់ទៅលើយុវជនម្នាក់ បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទើរពេទ្យ..។

ចំពោះករណីខាងលើនេះ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បញ្ជាក់ថា សមត្ថកិច្ច មិនមានចេត្តនា ក្នុងការផ្ទុះអាវុធ ឲ្យត្រូវជនរងគ្រោះនោះទេ ប៉ុន្តែវាជារឿងចៃដន្យ។ ហើយថា ការផ្ទុះអាវុធនេះ ក៏ក្នុងគោលបំណងដើម្បីបង្អាក់ការរត់គេចខ្លួន របស់ភាគីក្មេងមួយក្រុម ដែលបានកាប់ទៅលើភាគីជនរងគ្រោះម្ខាងទៀតតែប៉ុណ្ណោះ។

ដោយឡែក ចំពោះថវិកាចំនួន ៤៥០០ដុល្លារអាមេរិក ដែលស្នងការដ្ឋាននគរបាលខេត្តកំពត បានផ្តល់ជូនទៅក្រុមគ្រួសារសព គឺមិនមែនជាថ្លៃទិញអាយុជីវិត របស់ជនរងគ្រោះនោះទេ ប៉ុន្តែវាជាថវិកា ដើម្បីចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

ចំណែក សមត្ថកិច្ចដែលជាប់ពាក់ព័ន្ធការផ្ទុះអាវុធ ផ្លាត់ក្បាលគ្រាប់ត្រូវយុវជនម្នាក់ស្លាប់ ក៏កំពុងត្រូវបានអនុវត្តវិន័យ របស់កងកំលាំងនគរបាលជាតិ និងបញ្ជូនទៅតុលាការតាមនីតិវិធី..។

ចំពោះករណីនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន និងអនុគ្រោះចំពោះកំហុសឆ្គង ដែលបានកើតឡើងខាងលើនេះផងចុះ៕

អត្ថបទដែលជាប់ទាក់ទង