រថយន្តកុងតឺន័រក្រឡាប់ កិនពីលើរថយន្តកាមេរី ស្លាប់មនុស្សម្នាក់ តាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នគរបាលចរាចរណ៍ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅម៉ោង ០៨ យប់ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៦-១៧៧ ស្ថិតនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណមួយករណី បានកើតឡើងបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កដោយ រថយន្ត ០១គ្រឿងម៉ាក HINO ពណ៌ ខៀវ-លឿង ពាក់ផ្លាកលេខភ្នំពេញ 3A-0935 (ក្រុមហ៊ុន សុកន) បើកបរដោយឈ្មោះ ជា សុខ ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តទៀតថា លុះរថយន្តខាងលើ បើកមកដល់ចំណុចខាងលើរថយន្តមានល្បឿនលឿន រួចវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជាន់ហ្រ្វាំងបន្ទាន់បណ្តាលឲ្យដាច់រឺម៉កក្រឡាប់ទូកុងតឺន័រសង្កត់លើរថយន្ត ០១គ្រឿងម៉ាក TOYOTA CAMRY ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2M-6865 ដែលមានទិសដៅស្របគ្នា បើកបរដោយឈ្មោះ សឹង ដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ ឈ្មោះ សឹង ដារ៉ា អ្នកបើកបររថយន្ត TOYOTA CAMRY ស្លាប់នៅនឹងកន្លែងកើតហេតុ បច្ចុប្បន្ន សាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកអ្នកបើកបររថយន្តកុងតឺន័របាននាំខ្លួនមកសាកសួរមកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តនីតិវិធីច្បាប់។

រីឯវត្ថុតាង រថយន្ត ចំនួន ០២គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

អត្ថបទដែលជាប់ទាក់ទង