សម្តេចតេជោ ហ៊ុន សែន៖ នឹងមិនមានការបិទប្រទេស ឬ រាជធានីខេត្ត ឬតំបន់ណាមួយនោះទេ..

រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារតាម ផេក ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!”

ថ្មីៗនេះ មានមនុស្សអាក្រក់មួយចំនួន បានបំផុសពាក្យចចាមអារាមថា រាជរដ្ឋាភិបាល នឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយ ទៅកាន់ខេត្តមួយ..។

សម្តេចប្រមុខដឹកនាំបន្តថា ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។

ការឃោសនាអកុសល របស់ពួកអាក្រក់ទាំងនេះ សំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។

សម្តេចតេជោ បន្តថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។

សម្រាប់ការពាក់ម៉ាស់ ដែលកាលពីម្សិលមិញនេះ ខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន ០២លានម៉ាស់ ជូនទៅសាលា
រាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ។ ហើយថា មន្ត្រីនគរបាលចរាចរណ៍ ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់ផងដែរ..។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីយើងឈានទៅបញ្ចប់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ឱ្យបានឆាប់ ដើម្បីនាំប្រទេស មកកាន់ភាពប្រក្រតី ដូចមុនថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០វិញ។

សម្តេច បន្តថា សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ត្រូវបន្តធ្វើឱ្យបានហ្មត់ចត់ នឹងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យ និងជួយដោះស្រាយជីវភាព សម្រាប់គ្រួសារក្រីក្រ ដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ ពោលគឺ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់ កុំឲ្យពួកគាត់ខ្វះស្បៀងអាហារ ក្នុងពេលធ្វើចត្តាឡីស័ក។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិ ជួបតែ
សេចក្តីសុខសេចក្តីចម្រើន៕

អត្ថបទដែលជាប់ទាក់ទង