ប្រជាពលរដ្ឋ និងមហាជនកំពុងងឿងឆ្ងល់ ចំពោះលិខិតជូនដំណឹងស្តីពីការអនុវត្តសាលដីកា របស់សាលាកំពូល..

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋជិត ២០គ្រួសារ រស់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានចម្ងល់ថា ក្រោយស្ងប់ស្ងាត់រឿងជម្លោះដីធ្លីនៅតំបន់សហគមន៍អូរខ្សាច់ មួយរយៈពេលកន្លងមក ស្រាប់តែនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងមួយ ស្តីអំពីការអនុវត្តសាលដីកា របស់សាលាកំពូលតាំងពីឆ្នាំ២០១៤ នឹងយកមកអនុវត្តនៅទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្រសួងយុត្តិធម៌ ប្រកាសឲ្យផ្អាកនាពេលកន្លងមក។

យោងលិខិតជូនដំណឹងស្តីពីការអនុវត្តសាលដីកា ដោយស្ម័គ្រចិត្ត របស់លោក ឡា ប៊ុនហួន អាជ្ញាសាលា នៃសាលាដំបូងខេត្ត ព្រះសីហនុ លេខ ១០៣៥៧ លជណ/២០ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ។ ចំពោះសាលដីកា ដែលលើកយកមកអនុវត្តពេលនេះ ធ្លាប់ត្រូវលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជម្រាបមក លោកប្រធានសាលាដំបូងខេត្តព្រះសីហនុ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ដោយក្នុងកម្មវត្ថុ៖ ពីសំណើសុំអន្តរាគមន៍ទៅសាលា ដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្អាកការអនុវត្តសាលដីកាលេខ ៤៥៨(ន) ចុះថ្ងៃទី០១-០៩-២០១៤ របស់តុលាការកំពូល។

យោង៖ លិខិតលេខ ០៦៤ រស.គ១ ចុះថ្ងៃទី០៨-០៥-២០១៨ របស់រដ្ឋសភា។

ទាក់ទិនករណីខាងលើនេះ លោក លឹម ប៊ុនហេង អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ចំពោះករណីនេះ គឺអាជ្ញាសាលា ស្ថិតនៅក្រោមសាលាដំបូងខេត្តព្រះសីហនុ ព្រះរាជអាជ្ញារងអមសាលាដំបូង លោកមិនដឹងទេ សូមសួរទៅប្រធានសាលាដំបូង ខេត្ដព្រះសីហនុវិញ។

យ៉ាងនេះក្តី អ្នកសារព័ត៌មាន មិនទា ន់អាចទាក់ទងទៅ លោកប្រធានសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីបំភ្លឺ បាននៅឡើយទេ។ ចំណែក លោក ឡា ប៊ុនហួន អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា “បើគាត់មានឯកសារអី គាត់អាចដាក់ពាក្យមកអាជ្ញាសាលាតាមនីតិវិធីច្បាប់ មិនអីទេ យើងនឹងតតាំងតាមផ្លូវច្បាប់ ព្រោះរឿងហ្នឹងដល់តុលាការកំពូលអស់ហើយ អញ្ចឹងមានឯកសារអី មានមេធាវីអីដាក់មក”។

ចំណែក លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់សោម ប្រាប់ថា តំបន់នោះ គឺស្ថិតនៅក្នុងគម្រប់ព្រៃឈើនៅឡើយ មិនទាន់មានការកាក់ឆ្វៀលនោះទេ។

លោកបន្តថា ពាក់ព័ន្ធរឿងទំនាស់លើដីនោះលោកមិនដឹងច្បាស់ទេ ហើយនៅចំណុចមានទំនាស់ខាងលើនេះ ទាល់តែយកទិន្នន័យមកដាក់ក្នុងកុំព្យួទ័រទើបច្បាស់ថា ជាប់ពាក់ព័ន្ធដីគម្រប់ព្រៃឈើ ឬអត់៕

ប្រភព៖ គង់ ប៊ុនថា

អត្ថបទដែលជាប់ទាក់ទង