សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀន នៅខណ្ឌឫស្សីកែវ ដកហូតថ្នាំញៀនជាង៣គីឡួ និងឃាត់ខ្លួនជនសង្ស័យ២នាក់

រាជធានីភ្នំពេញ៖ កម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀន ដ៏ធំមួយករណី ដោយដកហូតបានថ្នាំញៀនជាង ៣គីឡួក្រាម និងចាប់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចផ្សារផ្លាហ្សា ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡួម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ដឹកនាំបញ្ជាផ្ទាល់ ដោយលោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

តាមរបាយការណ៍ របស់សមត្ថកិច្ច បញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើង កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សឿង មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

របាយការណ៍ដដែលបញ្ជាក់ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន៖ ឈ្មោះ ស៊ន ដារ៉ូ អាយុ២២ឆ្នាំ និងនិង ឈ្មោះ ម៉ុក ស្នា អាយុ១៦ឆ្នាំ។

ប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតបាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៣.១គីឡូក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ចាប់យកបាន ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕

ប្រភពfb៖ Heng Ly

អត្ថបទដែលជាប់ទាក់ទង