តុលាការកាត់ទោស​ អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តព្រះសីហនុ ដាក់​ពន្ធនាគារ​៧​ឆ្នាំ ពិន័យ​១០០​លាន​រៀល និង​រឹប​អូសដី​៣​កន្លែង​ដាក់​ចូលសម្បត្តិ​រដ្ឋ

រាជធានីភ្នំពេញ៖ កាលពីរសៀល​ថ្ងៃ​អង្គារ ទី​១៧ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លើ​សំណុំរឿង​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម សំណង់​ និងសុរិយោដីខេត្ត​ព្រះ​សីហ​នុ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ០៧​ឆ្នាំ ហើយពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន​១០០​លាន​រៀល និង​រឹប​អូស​ដី​ចំនួន​ ០៣​កន្លែង​ ដាក់​ចូល​ជា​សម្បត្តិ​រដ្ឋ។

សាល​ក្រ​មនេះ​ តុលាការ បាន​ទុក​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧ​ទ្ទរណ៍តាម​កំណត់​ច្បាប់ ផងដែរ។

ជនជាប់សង្ស័យ​ មាន​ឈ្មោះ នួន ប៉ុក ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម សំណង់​​ និងសុរិយោដីខេត្ត​ព្រះ​សីហ​នុ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានីភ្នំពេញ បញ្ជាក់​ថា ការ​ចោទប្រកាន់​លើ​ជនសង្ស័យ​ គឺ​មាន​ចំនួន​ ០៣​បទល្មើស​៖

១-​ បទ​រំលោភ​អំណាច

២-​ បទ​បំពាន​ធនធានធម្មជាតិ

​៣-​ បទ​ផ្តល់​និង​ប្រើប្រាស់​ឯកសារ​ក្លែង​ដោយ​អាជ្ញាធរ។

ក្រោយ​ពី​តំណាង​អយ្យការ​ ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​រួចហើយ សំណុំរឿង​នេះ​ ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ដល់​ដៃ​ លោក អ៊ឹ​ម វណ្ណៈ ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ឃុំ​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​ទោស​ទៅ​តាម​ច្បាប់​ជា​ធរមាន។

គួរ​បញ្ជាក់​ថា លោក នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរ​រូប​នី​យ​កម្ម សំណង់ និងសុរិយោដីខេត្ត​ព្រះ​សីហ​នុ កាលពីម៉ោង​ ០៥​ល្ងាច​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២០ ត្រូវ​បាន​សមត្ថកិច្ច នៃអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​កាត់​ថា (ACU) បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​ស្ថាប័ន​អយ្យការ ធ្វើការ​សាក​សួរ និង​ចោទប្រកាន់​ជា​ផ្លូវការ ពាក់​ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ពុក​រលួយ។
ជនជាប់សង្ស័យ​មានឈ្មោះ នួន ប៉ុក ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម សំណង់​ និងសុរិយោដីខេត្ត​ព្រះ​សីហ​នុ។

ជនសង្ស័យ​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១ ខែមីនា ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយបាន​បញ្ជូន​ភ្លាមៗ មក​កាន់​រាជធានី​ភ្នំពេញ​។

ក្រោយ​ការ​ឃាត់ខ្លួន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​បើក​ការ​សាកសួរ​អស់​រយៈពេល​៤៨​ម៉ោង ទើបអាច​រក​ឃើញ​ពាក់ព័ន្ធ​បទល្មើស​ពុក​រលួយ​មែន​ ទើបត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់។

ជនសង្ស័យ​នៅ​ពេល​នាំ​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ គ្រាន់តែ​បាន​ថតរូប​ទុកជា​ឯកសារ​ ដែល​ដំណើរការ​តាម​នីតិ វិធី រួចរាល់​ហើយ​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នាំ​ទៅ​អង្គភាព​វិញ។

យ៉ាងណា​ក្តី​សំណុំរឿង​នេះ​ ត្រូវ​បាន​ស្ថិត​នៅ​ដៃ​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជ​អាជ្ញា​រង​កំពុងធ្វើការ​សាកសួរ តែ​មិន​ទាន់​បាន​ដំណើរការ​ក្នុង​ការ​សាកសួរ​ទេ ក៏​ផុត​ម៉ោង​រដ្ឋបាល​ទៅ ហើយ​ជន​សង្ស័យ​ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​សមត្ត​កិច្ច​អង្គភាព​ ACU​ យក​ទៅ​វិញ នឹង​តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា នាំ​មក​សាកសួរ​ជា​ផ្លូវការ។

បើ​តាម​ទំហំ​បទល្មើស​ទាំង​ ០៣​ ដូចដែល​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ខាងលើ​នេះ ជនសង្ស័យ​ឈ្មោះ នួន ប៉ុក អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគ​រូបនី​យ​កម្ម​ សំណង់ និងសុរិយោដីខេត្ត​ព្រះ​សីហ​នុ​ មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​ ក្នុង​ពន្ធនាគារ​នោះទេ៕

អត្ថបទដែលជាប់ទាក់ទង