មន្ត្រីនគរបាលអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ រកឃើញជនជាតិចិន គ្មានប័ណ្ណការងាររាប់សិបនាក់ ចូលមកធ្វើការក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះត្រួតពិនិត្យប័ណ្ណការងារ ទៅលើក្រុមហ៊ុនមួយចំនួន ដែលមានជនបរទេស បំរើការងារនៅទីនោះ ដោយរកឃើញភាពមិនប្រក្រតីជាច្រើនករណី។

លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានឲ្យដឹងថា ការងារចុះត្រួតពិនិត្យប័ណ្ណការងារលើជនបរទេស ខាងលើនេះ ធ្វើឡើង កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទៅលើក្រុមហ៊ុនចំនួន ០៦ ដែលបើកធ្វើអាជីវកម្ម ក្នុងក្រុងព្រះសីហនុ ហើយមានពលករបរទេស កំពុងបម្រើការងារនៅតាមក្រុមហ៊ុនទាំងនោះ។

លោក យ៉ូវ ខេមរា បន្តថា សកម្មភាពនេះ មន្ត្រីជំនាញបានរកឃើញ ពលករបរទេសគ្មានប័ណ្ណការងាររាប់សិបនាក់។

តាមរបាយការណ៍ របស់ក្រុមហ៊ុនទាំង ០៦ ដែលក្រុមការងារចម្រុះចល័តចុះត្រួតពិនិត្យរួមមាន៖

១- សណ្ឋាគារ ហាយជីកាង អ៉ីនធើណេសិនណល ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរចំនួន ០៧នាក់ (ស្រី០៥នាក់) បរទេសចំនួន ០២នាក់ ហើយមានប័ណ្ណការងារចំនួន ០១នាក់ និងគ្មានប័ណ្ណការងារ ចំនួន ០១នាក់។

២- ភោជនីយ៍ដ្ឋាន មែនជាងហង ស្ថិតក្នុងសង្កាត់ លេខ៣ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរ ចំនួន ១៦នាក់ (ស្រី០៥នាក់) បរទេសចំនួន ១១នាក់(ស្រី០១នាក់) គ្មានប័ណ្ណការងារទាំង ១១នាក់។

៣- ក្រុមហ៊ុន យុនណាន ខនស្រ្តាក់សិន អេន អ៉ិនវេសម៉ិន ហូលឌីងគ្រុម (ការដ្ឋានសំណង់) ស្ថិតក្នុងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរចំនួន ៧៨នាក់ (ស្រី១៥នាក់) បរទេសចំនួន ៥៥នាក់ (ស្រី០១នាក់) មានប័ណ្ណការងារចំនួន ៤៩នាក់ និងគ្មានប័ណ្ណការងារ ចំនួន ០៦នាក់។

៤- ក្រុមហ៊ុន ម៉ីតេ ប្រូហ្វាខេន ខនស្រ្តាក់សិន ឯ.ក ស្ថិតក្នុងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ មានបុគ្គលិកខ្មែរចំនួន ០៧នាក់ (ស្រី០៥នាក់) បរទេសចំនួន ៥០នាក់ (ស្រី០១នាក់) មានប័ណ្ណការងារចំនួន ២៣នាក់ និងគ្មានប័ណ្ណការងារចំនួន ២៧នាក់។

៥- ការដ្ឋានសំណង់គ្មានឈ្មោះ (ផ្លូវ LV) ស្ថិតក្នុងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើកំណត់ហេតុដករក្សាទុកបណ្តោះអាសន្ន នូវលិខិតឆ្លងដែនជនបរទេសចំនួន ១៦នាក់។

៦- ក្រុមហ៊ុនសំណង់ចិន មិតលេន (ខេមបូឌា) ខូលីធីឌី ស្ថិតក្នុងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើកំណត់ហេតុដករក្សាទុកបណ្តោះអាសន្ន នូវលិខិតឆ្លងដែនជនបរទេសចំនួន ១១នាក់។

លោក យ៉ូវ ខេមរា ឲ្យដឹងដូច្នេះ រួច បញ្ជាក់ថា ប្រត្តិបត្តិការត្រួតពិនិត្យប័ណ្ណការងារខាងលើនេះ សមត្ថកិច្ចនឹងចុះអនុវត្តបន្ត នៅតាមទីតាំងផ្សេងទៀត ក្នុងក្រុងព្រះសីហនុ ដើម្បីត្រួតពិនិត្យ លើការងារអធិការកិច្ច ហត្ថពលកម្មបរទេស ការចុះពិនិត្យលើប័ណ្ណ និងសៀវភៅការងារជនបរទេស តាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកំសាន្ត អាជីវកម្មរណប អាជីវកម្មពុំមាននាមករណ៍ អាជីវកម្មពេលរាត្រី អាជីវកម្មចល័ត អាជីវកម្មលើផ្ទៃទឹក និងអាជីវកម្មជាច្រើនទៀត នៅក្នុងខេត្តព្រះសីហនុ ដើម្បីអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ និងច្បាប់ស្ដីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានត្រឹមត្រូវស្របតាមច្បាប់កំណត់៕

អត្ថបទដែលជាប់ទាក់ទង