ប្រជាពលរដ្ឋខេត្តព្រះសីហនុ មានចម្ងល់ ចំពោះលិខិតជូនដំណឹង ស្តីពីការអនុវត្តសាលដីកា របស់សាលាកំពូល នៅស្រុកស្ទឹងហាវ..

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋចំនួន ១៦គ្រួសារ រស់នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានចម្ងល់ថា ក្រោយស្ងប់ស្ងាត់រឿងជម្លោះដីធ្លី នៅតំបន់សហគមន៍អូរខ្សាច់ មួយរយៈពេលកន្លងមក ក៏ស្រាប់តែកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាសាលា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹងមួយ ស្តីអំពីការអនុវត្តសាលដីកា របស់សាលាកំពូលតាំងពីឆ្នាំ២០១៤ បានលើកយកមកអនុវត្តនៅទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលក្រសួងយុត្តិធម៌ ប្រកាសឲ្យផ្អាក នាពេលកន្លងមក។

តាមលិខិតជូនដំណឹង ស្តីពីការអនុវត្តសាលដីកា ដោយស្ម័គ្រចិត្ត មានចុះហត្ថលេខា លោក ឡា ប៊ុនហួន អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មានទីតាំងនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្ដព្រះសីហនុ។

តំណាងពលរដ្ឋសហគមន៍អូរខ្សាច់ បញ្ជាក់ថា ចំពោះសាលដីកា ដែលលើកយកមកអនុវត្ត នៅថ្ងៃទី១៩ វិច្ឆិកានេះ ត្រូវលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់ចេញលិខិតជម្រាបមក លោកប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនេះ ដោយនៅក្នុងកម្មវត្ថុ៖ ស្តីពីសំណើសុំអន្តរាគមន៍ទៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្អាកការអនុវត្តសាលដីកាលេខ ៤៥៨(ន) ចុះថ្ងៃទី០១ ខែកញ្ញា ២០១៤ របស់តុលាការកំពូល។ យោង៖ លិខិត ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ របស់រដ្ឋសភា។

ទាក់ទិនបញ្ហានេះ លោក លឹម ប៊ុនហេង អ្នកនាំពាក្យ និងជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ចំពោះករណីខាងលើនេះ គឺរូបលោកមិនបានដឹងទេ ហើយក៏បង្វែរសំណួរអ្នកកាសែត ឲ្យសួរទៅប្រធានសាលាដំបូងខេត្ដព្រះសីហនុវិញ ទើបដឹងរឿងច្បាស់ជាង។

យ៉ាងនេះក្តី នៅមិនទាន់អាចទិនទង លោកប្រធានសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីបំភ្លឺបានទេ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ចំណែក លោក ឡា ប៊ុនហួន អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានប្រាប់គេហទំព័រក្នុងស្រុកថា “បើអ្នកពាក់ព័ន្ធដីធ្លីខាងលើ មានឯកសារអ្វី គាត់អាចដាក់ពាក្យមកអាជ្ញាសាលាតាមនីតិវិធីច្បាប់។ ហើយថា ករណីនេះ យើងនឹងតតាំងគ្នាតាមផ្លូវច្បាប់ ព្រោះរឿងហ្នឹងដល់តុលាការកំពូលអស់ហើយ អញ្ចឹងមានឯកសារ ឬមានមេធាវីដាក់មកតទល់គ្នាតាមច្បាប់”។

ដោយឡែក លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់សោម ប្រាប់អ្នកសារព័ត៌មានថា តំបន់មានទំនាស់ដីធ្លីនោះ គឺស្ថិតនៅក្នុងតំបន់គម្រប់ព្រៃឈើបៃតងនៅឡើយ ដោយមិនទាន់មានឯកសារកាត់ឆ្វៀលនោះទេ។

លោកស្រី ឡុច​ ទូច​ ​ដែលជាតំណាងឲ្យប្រជាពលរដ្ឋម្ចាស់ដី១៦គ្រួសារ បាន​អះអាង​ថា​ សំណុំរឿងនេះ តុលាការ​បានចុះអនុវត្ត​ខុស​ទីតាំងដី ហើយ​ដី​ទាំង​នោះ​ រាជរដ្ឋាភិបាល​ ក៏បាន​និរាករណ៍​ប័ណ្ណ​កម្មសិទ្ធិរួចអស់ទៅហើយ​ តាំងពីឆ្នាំ​២០១៨មកម៉្លេះ។

លោកស្រី ឡុច ទូច បន្តថា ទីតាំងដី របស់ភាគី លោក ប៉ុន​ សារឿន​ គឺមានព្រំចាប់ពី​ផ្លូវ​រថភ្លើង​ មានទំហំ ៥ហិកតា គឺនៅទីតាំងផ្សេង ចំណែក ដី​ របស់​ប្រជាពលរដ្ឋ​ពួកគាត់ចំនួន ១៦គ្រួសារ មានចំនួន ០២ហិកតាកន្លះ គឺស្ថិតនៅទីតាំងខុសគ្នា។​

លោកស្រី​ ឡុច ទូច បញ្ជាក់ថា​ នឹង​ដាក់ពាក្យ​បណ្តឹង ប្ដឹងបន្ត​ទៅកាន់តុលាការ ស្តីពី​ការ​ចុះអនុវត្ត​សាលក្រម ខុស​ទីតាំង​ដី ហើយរំលោភមកលើ​ដី​ របស់ប្រជាពលរដ្ឋពួកគាត់ទាំង ១៦គ្រួសារនេះ។

ងាកមកភាគី លោក​ ប៉ុន​ សារឿន​ ដែលមានទំនាស់ជាមួយពលរដ្ឋ ១៦គ្រួសារ និយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា រាល់ឯកសារ​ពាក់ព័ន្ធ សូមកុំ​មកសួររូបលោកអី ត្រូវទៅសួរ​តុលាការ​វិញ ព្រោះ​រូបលោក បានដាក់​ពាក្យ​បណ្ដឹងយូរ​ហើយ​ តាំងពីឆ្នាំ​២០១៨។
លោក ប៉ុន សារឿន បន្តថា ភាគីពលរដ្ឋ១៦គ្រួសារ កុំចេះតែ​ដើរ​ចង្អុល​ដីអ្នកនេះ ដីអ្នកនោះ ព្រោះរូបលោក បានទិញ​ដីទីតាំងខាងលើនេះ មាន​ឯកសារ​ប័ណ្ណត្រឹមត្រូវ​ គឺអត់មាន​ទៅរំលោភ​យកដីអ្នកណាទេ​។

បញ្ហានេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ធ្លាប់បានចេញសេចក្តីបញ្ជាក់ កាលពី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ថាទីតាំងដីទំនាស់ខាងលើ ជាដែនគម្របព្រៃឈើ ស្ថិតក្នុងការគ្រប់គ្រង របស់រដ្ឋ គ្មានកម្មសិទ្ធិបុគ្គលណាឡើយ។

យ៉ាងនេះក្តី ប្រជាពលរដ្ឋរាប់សិបនាក់ រស់នៅសហគមន៍អូរខ្សាច់ និងមកពីសហគមន៍ មានទំនាស់ដីធ្លីផ្សេងទៀត ក្នុងខេត្តព្រះសីហនុ ក៏បានមកប្រមូលផ្តុំគ្នា នៅលើទីតាំងដីមានទំនាស់ ដែលត្រូវអាជ្ញាសាលា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចេញលិខិតឲ្យប្រជាពលរដ្ឋ ១៦គ្រួសារ រុះរើសំណង់ ឬផ្ទះ ដោយស្ម័គ្រចិត្ត ប៉ុន្តែប្រជាពលរដ្ឋ មិនព្រមរុះរើតាមការជូនដំណឹងនេះទេ។ ជាងនេះទៀត ក៏មិនឃើញ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីតុលាការ បង្ហាញវត្តមាននៅលើទីតាំងខាងលើដែរ នៅថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែវិច្ឆិកានេះ។

អ្នកឃ្លាំមើលសិទ្ធិមនុស្ស នៃអង្គការលីការដូ និងសមាគមន៍អាដហុក ក៏បានចុះអង្កេតផ្ទាល់ដល់លំនៅដ្ឋានពលរដ្ឋ រស់នៅជាក់ស្តែង ដោយបញ្ជាក់ថា ទីតាំងនេះ មានដាំដើមឈើហូបផ្លែធំៗ ហើយមានម្លប់ត្រឈឹងត្រឈៃថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង