កសិកររស់នៅខេត្តកំពត កំពុងព្រួយបារម្ភអំពីជំងឺឆ្លងរាតត្បាត ងាប់សត្វគោក្របី របស់ពួកគាត់ ដោយព្យាបាលមិនជាសោះ..

ខេត្តកំពត៖ ប្រជាកសិករភាគច្រើន រស់នៅតាមមូលដ្ឋានភូមិឃុំមួយចំនួន ស្ថិតក្នុងស្រុកដងទង់, ស្រុកឈូក និងស្រុកជុំគីរី ខេត្តកំពត កំពុងព្រួយបារម្ភចំពោះជំងឺចម្លែក ដែលបានឆ្លងរាតត្បាតដល់សត្វគោក្របី របស់ពួកគាត់ ជាពិសេសសត្វគោ ដែលបណ្តាលឲ្យ ស្លាប់ ឬងាប់ជាបន្តបន្ទាប់។

កសិកររស់នៅឃុំនារាយណ៍, ឃុំព្រៃស្បូវ ស្រុកឈូក និងឃុំជ្រេស ស្រុកជុំគីរី ក៏ដូចជាឃុំមួយចំនួន ក្នុងស្រុកដងទង់ ខេត្តកំពត បានឲ្យដឹងថា សត្វគោ ក្របី របស់ពួកគាត់ គឺបានឆ្លងជំងឺចម្លែក ហើយងាប់ជាច្រើនក្បាល ទោះបីពួកគាត់ បានហៅពេទ្យសត្វ ក្នុងមូលដ្ឋានឲ្យមកចាក់ថ្នាំព្យាបាលបែបណាក្តី ក៏មិនជាសះស្បើយដែរ។

ក្រុមកសិករបញ្ជាក់ថា សត្វគោក្របី របស់ពួកគាត់ បានចាប់ផ្តើមឆ្លងជំងឺចម្លែកនេះ ជាងបីខែកន្លងមកហើយៗ រហូតមកដល់ពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២០នេះ ជំងឺរាតត្បាតសត្វគោក្របី របស់អ្នកស្រុក ពួកគាត់ បានបន្តឈឺ និងងាប់ ជាបន្តបន្ទាប់ ដោយពេទ្យសត្វ ក្នុងមូលដ្ឋាន មិនអាចជួយសង្គ្រោះបានទេ។

ផ្តើមពីបញ្ហានេះ ក្រុមប្រជាកសិករ ចិញ្ចឹមសត្វគោក្របី នៅតាមឃុំមួយចំនួន នៅស្រុកដងទង់, ស្រុកឈូក និងស្រុកជុំគីរីជាដើម បានសំណូមពរដល់ថ្នាក់ដឹកនាំ ក្រសួង-មន្ទីរ និងស្ថាប័នពាក់ព័ន្ធ ជួយបញ្ជូនមន្ត្រីជំនាញ ចុះពិនិត្យជំងឺឆ្លងគោក្របី របស់ពួកគាត់ ដោយអនុគ្រោះផងចុះ ត្បិតកន្លងមក មិនដែលឃើញមន្ត្រីជំនាញពីក្រសួងស្ថាប័នពាក់ព័ន្ធណាមួយ ចុះស្រាវជ្រាវ ឬចុះជួយពិនិត្យដល់មូលដ្ឋានកើតមានជំងឺឆ្លងសត្វពាហនៈ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនេះម្តងណាទេ។

ប្រជាពលរដ្ឋបន្តថា អាការៈជំងឺសត្វគោក្របី របស់ពួកគាត់ ដែលកើតឈឺនោះ គឺមានដូចជា៖ ហៀសំបោរ, ហៀទឹកមាត់, ក្តៅខ្លួន, ពងបែកមាត់, រឹងក, ឈឺក្រចក និងរបើកក្រចកជើងជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង