លោក ស ថេត ៖ ការអនុវត្តច្បាប់ត្រូវតែស្មើភាពគ្នា ទោះបុគ្គលនោះមានឋានៈណាក៏ដោយ ឲ្យតែបើកបរមិនគោរពច្បាប់ ត្រូវតែផាកពិន័យ..
រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញមានប្រសាសន៍ថា ការអនុវត្តច្បាប់ត្រូវតែស្មើភាពគ្នា ទោះជាបុគ្គលនោះ មានឋានៈបុណ្យស័ក្តិប៉ុណ្ណាណាក៏ដោយ ឲ្យតែបើកបរមិនគោរពច្បាប់ គឺត្រូវតែផាកពិន័យតាមច្បាប់ណត់។
លោក ស ថេត បញ្ជាក់ដូច្នេះ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំដកពិសោធន៍ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ប្រចាំខែតុលា ឆ្នាំ២០២០។
ទន្ទឹមនេះ លោក ស ថេត ក៏បានអំពាវនាវដល់អ្នកបើកបរ ឬអ្នកប្រើប្រាស់ផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានទាំងអស់គ្នា ប្រយោជន៍ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ខ្លួន និងអ្នកដទៃ៕

