ផឹកស្រាស្រវឹង ទំនាស់​ពាក្យសំដី​គ្នា ទាញកាំបិតផ្គាក់ កាប់​គូជម្លោះស្លាប់ភ្លាមៗ នៅស្រុក​ជាំ​ក្សាន្ត

ខេត្តព្រះ​វិហារ៖ សមត្ថកិច្ចនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា មានករណីឃាតកម្មមួយបានកើតឡើង នៅម៉ោង​ ០១​ និង​៣០​នាទី រំលងអធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅ​ចំណុច វាល​លោមនាង ស្ថិតក្នុង​ភូមិ​សែន​រុងរឿង​៤ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ។​

សមត្ថកិច្ច បន្តថា ជនសង្ស័យក្នុងឃាតកម្មនេះ មានឈ្មោះ សារ៉ាត់ សារិត ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្រុកកំណើត នៅ​ភូមិ​ពយ​តាសេក ឃុំបឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង។

ចំណែក​ជនរងគ្រោះ ឈ្មោះ រ៉ា បឹ​ប ភេទ​ប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្រុកកំណើត ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​។

សមត្ថកិច្ច បញ្ជាក់ថា បច្ចុប្បន្ននេះ ទាំងជនដង្ស៏យ និងជនរងគ្រោះ ជា​ប្រជា​ពល​រដ្ន ស្នាក់នៅ​បណ្តោះអាសន្ន ក្នុងភូមិ​សែន​រុងរឿង​៤ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

​បច្ចុប្បន្ននេះ ជនសង្ស័យ ត្រូវកម្លាំង​ជំនាញ​នគរបាល ស្រុក​ជាំ​ក្សាន្ត ធ្វើការ​ឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅ​កាន់សាលាដំបូង​ខេត្ត ព្រះវិហារ ដើម្បីចាត់ការ​តាមនីតិវិធីច្បាប់។

ចំណែក​សាកសព ជនរងគ្រោះ ត្រូវសមត្ថកិច្ច ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕

ប្រភព៖ Heng Ly

អត្ថបទដែលជាប់ទាក់ទង