ដកបញ្ឈរជើង ប៉ូលីសចរាចរណ៍ខេត្តស្វាយរៀង៤នាក់ ក្រោយប្រើហឹង្សាវាយតៃកុងឡានបែកមាត់ និងបាក់ធ្មេញ..?

ខេត្តស្វាយរៀង៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចេញសេចក្តីបំភ្លឺជូនសាធារណជន អំពីករណីមានការប៉ះទង្គិច ដោយប្រើអំពើ ហឹង្សា រវាងមន្ត្រីនគរបាលចរាចរណ៍ និងអ្នកបើកបររថយន្តល្មើសច្បាប់ ដែលកើតហេតុនៅវេលាម៉ោង​ ៩និង១៥នាទី ថ្ងៃទី២២ ខែវិឆ្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិត្របែក ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សេចក្តីបំភ្លឺនោះ បញ្ជាក់ថា៖
ការិយាល័យផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានដាក់គោលដៅត្រួតពិនិយ្យល្បឿន លើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រលេខ១១៦-១១៧ បានពិនិត្យឃើញរថយន្តម៉ាកស៊ីណា ពាក់ស្លាកលេខ 2BI- 6754 បើកបរដោយឈ្មោះ លាស់ ពុធធា មុខរបរអ្នកបើកតាកស៊ី បានប្រើប្រាស់ល្បើន ៩៦គីឡូម៉ែតក្នុង១ម៉ោង។

គ្រានោះ សមត្ថកិច្ច បានធ្វើការឃាត់រថយន្តខាងលើ ប៉ុន្តែអ្នកបើកបរគេចវេសគេចបើកចូលតាមផ្លូវលំ រួចសមត្ថកិច្ច ក៏បានធ្វើការដេញតាម ទើបឃាត់រថយន្តខាងលើបាន រួចអញ្ចើញអ្នកបើកបរមកកាន់ប៉ុស្ត៍នគរបាលរដ្ឋបាល ប៉ុន្តែអ្នកបើកបរខាងលើ មិនព្រមមកតាមសមត្ថកិច្ច រហូតដល់មានការប៉ះទង្គិចគ្នា ប្រើហឹង្សា ដាក់គ្នា រវាងសត្ថកិច្ច និងអ្នកបើករថយន្ត។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បន្តថា ក្រោយមានការអប់រំណែនាំ អ្នកបើករថយន្តខាងលើ បានយល់ព្រមទទួលការពិន័យតាមច្បាប់ ចំណែកឯសមត្ថកិច្ច ដែលប្រើហឹង្សានោះ ក៏បានសូមទោស និងបានសម្របសម្រួលជាអ្នកបើកបររួចហើយដែរ។

ដោយឡែក មន្ត្រីនគរបាលចរាចរណ៍ទាំង០៤នាក់នោះ ត្រូវបាន លោកឧត្តសេនីយ៍ទោ ស្នងការននគរបាលខេត្តស្វាយរៀង បញ្ជាឲ្យដកមកបញ្ឈរជើង នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដាក់វិន័យ របស់កងកម្លាំងនគរបាលជាតិ៕

ប្រភព៖ Heng Ly

អត្ថបទដែលជាប់ទាក់ទង