ឃាត់ខ្លួនតៃកុងរថយន្តបែនដឹកដី បន្ទាប់ពីបើកបុកបង្គោលភ្លើង ដួលរាបដល់ដី ហើយព្យាយាមបើករត់គេចខ្លួន

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងថា មានករណីរថយន្តបែនដឹកដី បានបើកបុកបង្គោលភ្លើង បណ្តាលឲ្យដួលរលំ ចំនួន០១ដើម នៅម៉ោង ០១ និង៤០នាទី រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចគល់ស្ពានព្រែកព្នៅត្រើយខាងលិច តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ស្ថិតក្នុងភូមិកណ្តាល ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ច បញ្ជាក់ថា រថយន្តបង្ក ម៉ាកហ៊ីណូ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 3A-0427 បើកដោយឈ្មោះ យ៉ា ធី អាយុ៣០ឆ្នាំ ស្នាក់នៅភូមិព្រែក ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្តបង្កខាងលើបានបើកតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ក៏បានបុកបង្គោលភ្លើង បណ្តាលឲ្យបាក់បង្គោភ្លើង០១ ដើម។

ប្រភពបន្តថា បន្ទាប់ពីបង្កហេតុរួច រថយន្តខាងលើ បានបើកគេចពីកន្លែងកើតហេតុ ហើយត្រូវកម្លាំងសមត្ថកិច្ច ឃាត់បាននៅស្រុកមុខកំពូល ខេត្តកណ្តាល ទើបសមត្ថកិច្ច ឃាត់រថយន្ត និងតៃកុងរថយន្តបង្កហេតុនោះបាន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានបញ្ជូនករណីនេះទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

ប្រភព៖ Heng Ly

អត្ថបទដែលជាប់ទាក់ទង