អ្នកកាសែតទូរទស្សន៍ TV Online MSJ ថ្លែងហួសចិត្តចំពោះសាលក្រម របស់សាលាដំបូងខេត្តព្រះសីហនុ លើសំណុំរឿងប្រើអំពើហឹង្សា..!

ខេត្តព្រះសីហនុ៖ អ្នកកាសែតទូរទស្សន៍អនឡាញ TV Online MSJ គឺលោក ដួង ច័ន្ទបូរិទ្ធ ដែលត្រូវ លោកស្រី ជា សុខឡេង ឈ្មួញរកស៊ីដីដ៏ល្បីឈ្មោះនៅខេត្តព្រះសីហនុ ប្រើអំពើហឹង្សា និងបំផ្លាញទ្រព្យសម្បត្តិ របស់លោក កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ថ្លែងហួសចិត្តចំពោះសាលក្រម របស់សាលាដំបូងខេត្តព្រះសីហនុ បានប្រកាសនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្រេចឲ្យភាគីលោកស្រី ជា សុខឡេង ត្រូវសងជំងឺចិត្តមករូបលោក នូវចំនួនទឹកប្រាក់ ០១លានរៀលប៉ុណ្ណោះ រួចបញ្ចប់រឿង។

សំណុំរឿងខាងលើនេះ ត្រូវសាលាដំបូងខេត្តព្រះសីហនុ បើកសវនាការ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា  ឆ្នាំ២០២០ និងបានប្រកាសសាលក្រមនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ សម្រេចឲ្យភាគី លោកស្រី ជា សុខឡេង សងជំងឺចិត្តមកដើមមបណ្តឹង គឺលោក ដួង ច័ន្ទបូរិទ្ធ  ជាលុយចំនួន ០១លានរៀល។

ត្រង់ចំណុចនេះ លោក ដួង ច័ន្ទបូរិទ្ធ បញ្ជាក់ថា រូបលោកមិនអាចទទួលយកសាលក្រម របស់សាលាដំបូងខេត្តព្រះសីហនុ បានទេ ហើយបានសម្រេចចិត្តដាក់ពាក្យបណ្តឹងបន្ត ទៅកាន់សាលាឧទ្ទរណ៍នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឲ្យជួយរកយុត្តិធម៌ជូនរូបលោកជាបន្តទៀត។

លោក ដួង ច័ន្ទបូរិទ្ធ បន្តថា មូលហេតុរូបលោក បានសម្រេចចិត្តដាក់ពាក្យបណ្តឹងបន្តទៅកាន់សាលាឧទ្ទរណ៍ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ក៏ព្រោះតែរូបលោកមិនពេញចិត្ត ចំពោះសាលក្រម របស់សាលាដំបូងខេត្តព្រះសីហនុ ដែលបានប្រកាស នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោក ច័ន្ទបូរិទ្ធ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា សំណុំរឿងប្រើហឹង្សាខាងលើនេះ គឺរូបលោកមានឯកសារបញ្ជាក់ពីអត្តសញ្ញាណជនពាក់ព័ន្ធ និងភស្តុតាងគ្រប់គ្រាន់ ក្នុងការចោទដាក់បន្ទុកទៅលើភាគី លោកស្រី ជា សុខឡេង ដែលជាជនដៃដល់ប្រើអំពើហឹង្សា ប៉ុន្តែបែរជាការសម្រេចសាលក្រម របស់សាលាដំបូងខេត្តព្រះសីហនុ ធ្វើឲ្យរូបលោកខកបំណង ហើយហួសចិត្ត និងមិនអាចទទួលយកបានទេ។

សូមបញ្ជាក់ថា សមាសភាពជំនុំជម្រះលើសំណុំរឿង ប្រើអំពើហឹង្សាខាងលើនេះរួមមាន៖ លោក សេង ប៊ុណ្ណា ចៅក្រមជំនុំជម្រះ, លោក ហួត វិចិត្រ តំណាងអយ្យការ និងលោក វ៉ិត បញ្ញា ប្រឡាបញ្ជីសវនាការ។

ភ្លាមៗ ក្រោយប្រកាសសាលក្រម លោក ដួង ច័ន្ទបូរិទ្ធ អ្នកសារព័ត៌មានទូរទស្សន៍អនឡាញ (TV Online TV) ប្រចាំខេត្តព្រះសីហនុ ថ្លែងហួសចិត្ត ចំពោះការសម្រេចក្តី របស់សាលាដំបូងខេត្តព្រះសីហនុ ហើយចាត់ទុកសាលក្រមនេះ ថាមានភាពអយុត្តិធម៌បំផុត សម្រាប់រូបលោក ដែលត្រូវភាគី លោកស្រី ជា សុខឡេង ឈ្មួញដីដ៏មានឥទ្ធិពល និងមានខ្នងបង្អែកមន្ត្រីមានអំណាច ដែលបានជេរប្រទេច, បំផ្លាញទ្រព្យសម្បត្តិ និងប្រើហឹង្សាវាយទាត់ធាក់មកលើរូបលោកយ៉ាងចាស់ដៃហើយ ប៉ុន្តែបែរជាត្រូវតុលាការ សម្រេចសេចកាត់ក្តីឲ្យសងជំងឺចិត្តត្រឹមលុយ ០១លានរៀលតែប៉ុណ្ណោះ មករូបលោក៕

អត្ថបទដែលជាប់ទាក់ទង