កម្ពុជា ទទួលឥទ្ធិពល Sub-Tropic នឹងមិនមានព្យុះភ្លៀងទៀតទេ..

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា ដែលទើបបានបញ្ចប់ នូវរដូវវស្សាធ្លាក់ភ្លៀង បានឈានចូលរដូវមួយផ្សេងទៀត ដែលទទួលយកនូវ ចំហាយអាកាសធាតុ Sub-Tropic។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា រដូវវស្សាឆ្នាំ២០២០នេះ នៅកម្ពុជា ត្រូវបានគេសន្មតចប់ជាស្ថាពរ ចាប់តាំងពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២០។

អាកាសធាតុ Sub-Tropic ដែលកម្ពុជា បានទទួលយកក្នុងសប្តាហ៍នេះ គឺជាប្រព័ន្ធអាកាសធាតុ ដែលទាំងភាពក្តៅ និងត្រជាក់លាយឡំជាមួយគ្នា និងការទទួលសីតុណ្ហ ភាព Sub-Tropicនេះ នឹងមិនអាចមានព្យុះកើតឡើងទៀតឡើយ។

ការព្យាករណ៍ រវាងពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ គឺកម្ពុជា នឹងទទួលឥទ្ធិពលសម្ពាធខ្ពស់ Sub-Tropic ដែលបានរំកិលចុះក្រោមគ្របដណ្ដប់លើប្រទេស ជាមួយខ្យល់មូសុងឦសាន្ដ កម្រិតបង្គួរ។

ឥទ្ធិពលនេះ នឹងធ្វើឱ្យបណ្ដាខេត្ដនៅតំបន់វាលទំនាបកណ្ដាល នឹងមានសីតុណ្ហភាពអប្បបរមា រវាងពី ២២ ដល់២៤ អង្សាសេ , និងសីតុណ្ហភាពអតិបរមា មាន រវាងពី ៣០ ដល់ ៣២អង្សាសេ។

ចំណែកបណ្ដាខេត្ដ ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា គឺមាន រវាងពី១៩ ដល់២១ អង្សាសេ, និងសីតុណ្ហភាពអតិបរមា មានរវាងពី២៩ ដល់ ៣១អង្សាសេ។

ដោយឡែក តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមា មាន រវាងពី ២៣ ដល់ ២៥ អង្សាសេ, និងសីតុណ្ហភាពអតិបរមា មាន រវាងពី ២៩ ដល់ ៣១អង្សាសេ៕

អត្ថបទដែលជាប់ទាក់ទង