លោក កឹម សុខា៖ ម្សិលមិញ ជួបទូតបរទេសជាមិត្តរបស់កម្ពុជា ថ្ងៃនេះ ជួបបងប្អូនខ្មែរជាម្ចាស់របស់កម្ពុជា
ខេត្តក្រចេះ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហោះសារនៅតាមបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា បានដឹកនាំសហការី នាំយកស្រូវពូជចំនួន ០៤តោន (4000kg) ដែលជាជំនួយមនុស្សធម៌ របស់សប្បុរសជនខ្មែរ រស់នៅ រដ្ឋវ៉ាសុីនតោន (Washington State) សហរដ្ឋអាមេរិក ដើម្បីចែកជូនប្រជាកសិករខ្មែរ និងខ្មែរឥស្លាម ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីសាបព្រោះ ដាំដុះឲ្យទាន់ពេលវេលា សម្រាប់ដោះស្រាយជីវភាពពួកគាត់បន្តទៀត។
ជាមួយគ្នានេះ លោក កឹម សុខា និងក្រុមការងារ ក៏បានផ្តល់សាប៊ូដុំ និងម៉ាស់ ជូនពួកគាត់គ្រប់ៗគ្នា និងជួយឧបត្ថម្ភស្បៀង និងថវិកា ជូនចាស់ជរា ពិការ ដែលក្រីក្រគ្មានទីពឹង នៅទីនោះមួយចំនួនផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក កឹម សុខា ក៏បានថ្លែងអំណរគុណ ដល់សប្បុរសជនខ្មែរនៅរដ្ឋវ៉ាសុីនតោន (Washington State) សហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយមនុស្សធម៌ ជូនប្រជាពលរដ្ឋខ្មែរ នៅពេលនេះ៕

