សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយ សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ..

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងារ របស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន ១៥៣នាក់ ដែលពិធីសំណេះសំណាលនេះ ធ្វេីឡើងនៅវិមានសន្តិភាព។

លោក គី តិច ជាប្រធានមេធាវីសម្តេចតេជោ បានអោយដឹងថា ចាប់តាំងពីបង្កើតឡើង «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាព ទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ លោកបន្តថា ដើម្បីសម្រួលដល់ការទាក់ទងរបស់ស្ត្រីមានបញ្ហា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានប្រកាសបង្ហាញលេខទូរស័ព្ទជាសាធារណៈផងដែរ។

លោក គី តិច បន្តថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានផ្តល់ការពិគ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី។ ក្នុងនោះសំណុំរឿង ដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីមោទនភាព និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាពកន្លងមក របស់ក្រុមមរធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានចូលរួមចំណែក ក្នុងការជួយដល់ពលរដ្ឋ ជាពិសេសស្ត្រីក្រីក្រ។

ជាងនេះទៀត សម្តេចតេជោ បានរំលឹកពីការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ដែលកាលពីថ្ងៃទី២៣ វិច្ឆិកា កន្លងទៅនេះ យើងបានបញ្ចប់រួចរាល់ហើយតាមបណ្តាខេត្តមួយចំនួននោះ។

សម្តេចតេជោ ក៏សូមអរគុណ ចំពោះការចូលរួម របស់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកាទាំងអស់ ដែលបានចូលរួមធ្វើចាត្ថាឡីស័កគ្រប់ៗគ្នា ហើយសម្តេចតេជោ ក៏បន្តអំពាវនាវឱ្យគោរពវិធានការការពារជំងឺកូវីដ-១៩ និងត្រូវរស់តាមគន្លងកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនខ្វល់ការរិះគន់សម្តេចផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ។

សម្តេចតេជោ បានថ្លែងថា នេះជាការចូលរួមជួយដល់មនុស្សជាតិ និងប្រទេសជាមិត្ត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏ត្រៀមលក្ខណៈផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួន ទៅកាន់ប្រទេសទីម័រខាងកើតផងដែរ។

កម្ពុជា មិនមែនធ្វើមនុស្សធម៌ត្រឹមម៉ាស់ និងបរិក្ខារពេទ្យនោះទេ តែកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌ទាំងសាច់ និងឈាម តាមរយៈបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។ កម្ពុជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំ មិនតូចនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរ ចំពោះមេធាវី របស់រាជរដ្ឋាភិបាល ដែលខិតខំបំពេញការងារ និងឯកភាព ទទួលសំណើរឿងបង្កើតឱ្យមានលិខិតបទដ្ឋានចាត់តាំងឱ្យបានត្រឹមត្រូវ ចំពោះមេធាវីរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មិនត្រឹមតែជួយការពារក្តីនោះទេ តែក៏បានប្រើថវិកាផ្ទាល់ខ្លួន សម្រាប់បេសកកម្ម របស់ខ្លួនថែមទៀតផង។

បន្ថែមលើនេះ សម្តេចតេជោ ក៏បានស្នើឱ្យក្រុមមេធាវីជួយបង្កើនការយល់ដឹងផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ ការបង្កើតក្រុមមេធាវីនេះ អាចចាត់ទុកជាការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឆ្នាំនេះយើងឆ្លងកាត់ការលំបាកជាច្រើន ទាំងកូវីដ-១៩ ទាំងទឹកជំនន់ និងព្រឹត្តិការណ៍ ៣វិច្ឆិកា ដែលធ្វើអោយសេដ្ឋកិច្ចយើងជួប នូវភាពអវិជ្ជមាន តែទំហំនៃការនាំចេញ របស់យើង គឺមានការកើនឡើង ១៨%។

សម្តេចតេជោ បានបន្តទៀតថា ទោះជាយ៉ាងណាក៏ដោយ យើងត្រូវខិតខំបន្ថែមទៀត ដើម្បីសេដ្ឋកិច្ច និងភាពរីកចម្រើន របស់ប្រទេសយើងនាពេលខាងមុខ។

នៅក្នុងពិធីសំណេះសំណាលនេះផងដែរ ដើម្បីជាការលើកទឹកចិត្ត ដល់ក្រុមមេធាវីសម្តេចតេជោ សែននោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវការដូរលើកទឹកចិត្តដល់ក្រុមមេធាវីសម្តេចតេជោ ដែលបានចូលរួមនាថ្ងៃនេះចំនួន ១៥៣នាក់ ដោយក្នុងម្នាក់ទទួលបាន ប្រាក់ស្លឹងបុរាណម្នាក់១,  IPad 128G ១ និង ថវិកា ២០ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង