មហាគ្រួសាររថយន្ត OFF ROAD កម្ពុជា នាំយកជំនួយមនុស្សធម៌ផ្តល់ជូនពលរដ្ឋក្រីក្រ និងកុមារតូចៗនៅតំបន់ដាច់ស្រយាល ខេត្តមណ្ឌលគិរី

ខេត្តព្រះសីហនុ៖ លោក ទៀ សុខា និងលោកឧកញ៉ា ទៀ វិចិត្រ បានដឹកនាំមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ប្រមាណជា៥០គ្រឿង នាំយកជំនួយជាគ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា សំលៀកបំពាក់ និងថវិកាមួយចំនួន ទៅចែកជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋខ្វះខាតចំនួន ២០០គ្រួសារ ស្ថិតនៅក្នុងភូមិឡៅរមៀត ឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីចុងសប្តាហ៍កន្លងទៅ។

អ្នករៀបចំកម្មវិធីបានឲ្យដឹងថា កម្មវិធី OFF ROAD នាំយកជំនួយសប្បុរសធម៌ ទៅកាន់ ខេត្តមណ្ឌលគិរី លើកនេះ គែសមាជិកក្រុមគ្រួសាររថយន្ត OFF ROAD កម្ពុជា ទាំងអស់ បានចំណាយពេលវេលា ០២ថ្ងៃ ដោយធ្វើដំណើរក្នុងចម្ងាយប្រមាណជាង ៥០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ក្នុងស្ថានភាពផ្លូវលំបាក ពោរពេញដោយឧបសគ្គ ឆ្លងកាត់ព្រៃ ជ្រោះ ស្ទឹង ច្រលងដងអូរជាង ១០គីឡូម៉ែត្រទៀត ចេញពីទីរួមខេត្តមណ្ឌលគិរី ទើបអាចឆ្លងទៅដល់ភូមិដាច់ស្រយ៉ាល របស់បងប្អូនជនជាតិដើមភាគតិច។

អ្នករៀបចំកម្មវិធី OFF ROAD កម្ពុជា លោក ញឹម សុវណ្ណារ៉ូ បានឲ្យដឹងថា ក្រោមគំនិតផ្តួចផ្តើម របស់ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ដឹកនាំដោយ លោក ទៀ សុខា និង លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកជំនួយមនុស្សធម៌ ទៅចែកជូនដល់សិស្សានុសិស្ស និងគ្រួសារបងប្អូនជនជាតិដើមភាគតិច ដែលកំពុងខ្វះខាត ស្ថិតនៅក្នុងភូមិឡៅរមៀត ឃុំត្រង់តេះ ស្រុកពេជ្រាដា ដោយបានផ្តល់ស្នាមញញឹម ព្រមជាមួយភាពសប្បាយរីករាយ។

លោកបន្តថា ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានរួមគ្នាផ្តល់ជាថវិកា សម្រាប់ទិញជាសម្ភារៈសិក្សា គ្រឿងឧបភោគ បរិភាគ អាវរងារ និងថវិកាមួយចំនួនយកទៅចែកជូនដល់ពួកគាត់ នៅតំបន់ដាច់ស្រយាលនោះ។

ដោយឡែក លោក វង្ស គឹមហួត ប្រធានក្រុម VKH CROSS COUNTRY នៃក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ក៏បានបង្ហាញអារម្មណ៍រីករាយជាមួយ កម្មវិធី OFF ROAD សប្បុរសធម៌ ដោយលោកប្តេជ្ញាបន្តគាំទ្រ ចូលរួមជាមួយមូលនិធិ ដើម្បីជួយដល់គ្រួសារ និងសិស្សានុសិស្សខ្វះខាត នៅតំបន់ដាច់ស្រយ៉ាល់ផ្សេងៗ ជាបន្តទៀត។

លោក កុច ប្រាណ ជាប្រជាពលរដ្ឋ នៅក្នុងភូមិ ឡៅរមៀត បានលើកឡើងថា ភូមិរបស់លោកបានកកើតនៅឆ្នាំ១៩៨៧ ប្រជាពលរដ្ឋនៅទីនេះ ជាជនជាតិដើមភាគតិចព្នង ដោយការយល់ដឹង របស់ពួកគាត់នៅមានកម្រិត ហើយ ជីវភាពវិញគឺលំបាក ហើយពុំសូវមានទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅនោះទេ ព្រោះដោយសាតែសណ្ឋានភាពផ្លូវលំបាកធ្វើដំណើរពេក។

លោកបន្តថា ក្នុងនាមតំណាងប្រជាពលរដ្ឋ រស់នៅភូមិឡៅរមៀត ឃុំត្រង់តេះ ស្រុកពេជ្រាដា សូមថ្លែងអំរគុណយ៉ាងជ្រៀលជ្រៅ ចំពោះសប្បុរសជន ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ដែលបាននាំយកជំនួយមកជូនជនជាតិថើមពួកគាត់ ដល់ទីភូមិដាច់ស្រយ៉ាលនៅពេលនេះ។

លោកចាត់ទុកជំនួយខាងលើនេះ ថាជាការជួយរំលែកការលំបាកមួយគ្រា របស់បងប្អូនជាតិជាតិដើមភាគតិចព្នង ដែលរស់នៅដាច់ស្រយ៉ាល់ពីទីប្រជុំជន នៃខេត្តមណ្ឌលគិរី។

នាឱកាសនោះដែរ លោក ទៀ សុខា មានប្រសាសន៍ថា ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានបង្កើតឡើងប្រមាណជា ០៧ឆ្នាំមកហើយ និងបានចូលរួមជួយផ្សព្វផ្សាយ ពីតំបន់អេកូទេសចរណ៍ និងតំបន់ធនធានធម្មជាតិ នៅកន្លែងដាច់ស្រយ៉ាលជាច្រើន នៅក្នុងប្រទេសកម្ពុជា មានដូចជា៖ តំបន់ខ្នងផ្សារ, តំបន់អារ៉ែង និងតំបន់ឆាយរាបជាដើម ជាពិសេសមហាគ្រួសាររថយន្ត Off Road តែងបានគៀងគរថវិកាមូលនិធិសប្បុរសធម៌ ដើម្បីទិញជាសម្ភារៈសិក្សា គ្រឿងឧបភោគ បរិភោគ និងអាវរងារទៅចែកជូនដល់បងប្អូនៗ និងក្មួយៗ នៅតំបន់ដាច់ស្រយ៉ាលទាំងនោះ ក្នុងន័យរួមចំណែក ធ្វើសកម្មភាពមនុស្សធម៌ ជួយដល់សង្គមជាតិ និងពលរដ្ឋ ដើម្បីតបស្នងដល់គុណនូបការៈ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជជាណាចក្រកម្ពុជា ដែលជាបុគ្គលឆ្នើមជួយឲ្យប្រទេសរស់ក្នុងសន្តិភាព។

បន្ថែមលើនេះ ក្នុងនាមថ្នាក់ដឹកនាំក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានផ្តាំផ្ញើសារក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមរក្សាសុខភាព ហូបស្អាត ផឹកស្អាត និងខិតខំបង្កបង្កើនផលដំណាំស្រូវ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ។

គួររំលឹកថា ក្រុមរថយន្តកីឡារថយន្ត OFF ROAD កម្ពុជា បានបង្កើតតាំងពីឆ្នាំ២០១៣ រហូតមកដល់ ឆ្នាំ២០២០នេះ មានសមាជិកគ្រួសាររថយន្ត OFF ROA កម្ពុជា ជាង ២០០គ្រឿង។ ហើយគោលបំណងសំខាន់របស់ក្រុមគ្រួសារមហា Off Road ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ផ្សារភ្ជាប់សកម្មភាពមនុស្សធម៌ ដែលជាចំណែកមួយជួយដល់សង្គមជាតិ ជាពិសេស ជួយជម្រុញវិស័យកីឡារថយន្ត OFF ROAD អោយកាន់តែផុសផុលបន្ថែមទៀតនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង