សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនម្នាក់ មានអាវុធខ្លីជាប់ខ្លួន..

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ គឺ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ថា កម្លាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យជនជសតិចិន ០១នាក់ ពាក់ព័ន្ធនិងករណីកាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់។ ការឃាត់ខ្លួននេះ នៅម៉ោង ០៣ជិតភ្លឺថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍មកថា មានជនជាតិចិន ០១នាក់ ពាក់អាវយឺត ពណ៌ក្រហម ឈរនៅកន្លែងស្ងាត់ នៅចំណុចអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដែលធ្វើសកម្មភាពគួរឲ្យសង្ស័យ។

លោក ជួន ណារិន្ទ បន្តថា បន្ទាប់ពីទទួលដំណឹងនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ក៏បានចុះទៅដល់ទីតាំងនោះ ហើយក៏ប្រទះឃើញមានជនសង្ស័យ ០១នាក់ ជាជនជាតិចិន ដូចប្រជាពលរដ្ឋរាយការណ៍មក សមត្ថកិច្ចពិតមែន រួចក៏ឃាត់ខ្លួនជនសង្ស័យរូបនោះ។ ហើយក៏បានធ្វើការត្រួតពិនិត្យក្នុងខ្លួន ជនសង្ស័យ រកឃើញអាវុធខ្លី ០១ដើម ម៉ាក K59, បង់កាំភ្លើង ០១ មានគ្រាប់ចំនួន ០៤គ្រាប់, កាតបន្ទប់ ០១ និងទូរស័ព្ទ ០១គ្រឿង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច ក៏បាននាំខ្លួនជនសង្ស័យ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវ និងសួរនាំបន្ត ដើម្បីឈានទៅកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង