នគរបាលខេត្តព្រះសីហនុ ឃាត់ជនជនជាតិចិន៤នាក់ សង្ស័យជាក្រុមចាប់ជំរិតមនុស្ស..?

ខេត្តព្រះសីហនុ៖​ កម្លាំងសមត្ថកិច្ចនគរបាល ស្រុកព្រៃនប់ បានឃាត់ខ្លួនបុរសជាជនជាតិចិនចំនួន ០៤នាក់ ដែលប្រេីរថយន្ត ពាក់ស្លាកលេខក្លែងក្លាយ និងមានឧបករណ៍សម្រាប់ប្រើប្រាស់ ក្នុងសកម្មភាពចាប់ជំរិតមនុស្ស ក្នុងអំឡុងពេល សមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅតាមដងផ្លូវជាតិលេខ៤​។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅម៉ោង ០០ និង១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៤​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៣-១៧៤ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។

លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ​ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា​ រថយន្ត ០១គ្រឿង ដែលជនសង្ស័យជនជាតិចិនជិះ ហើយត្រូវសមត្ថកិច្ចឃាត់ត្រួតពិនិត្យ ម៉ាក ស្តារិច ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2BC-6802 បើកបរដោយជនជាតិចិន។

លោក ជួន ណារិន្ទ បន្តថា ក្រោយធ្វើការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញសម្ភារៈមួយចំនួន ដែលជាឧបករណ៍ប្រើប្រាស់ ក្នុងការចាប់ជំរិតមនុស្ស ទើបឈានដល់ឃាត់ខ្លួនជនជាតិចិន ជិះនៅក្នុងរងយន្តនោះទាំងអស់ សរុបមានគ្នា ០៤នាក់។

ជនសង្ស័យទាំង ០៤នាក់ មានឈ្មោះ៖

១- ឈ្មោះ ZHANG GE XIN ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ។

២- ឈ្មោះ LU LU ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ។

៣- ឈ្មោះ SONG JIA MING ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ហើយស្នាក់នៅកាស៊ីណូ WM។

៤- ឈ្មោះ JIANG BAO ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង០៤នាក់នេះ មិនមានលិខិតឆ្លងដែន យកតាមខ្លួនទេ ហើយពួកគេស្នាក់នៅបណ្តោះអាសន្ន ក្នុងក្រុងព្រះសីហនុ។

រីឯវត្ថុតាង ដែលសមត្ថកិច្ចចាប់យកបានរួមមាន៖

ដំបងឆក់ ០១ដើម, ខ្នោះដៃ ០១គូ, ស្រោមខ្នោះ ០១, ខ្សែលួស ០១ដុំ, ម៉ាស់ ១៨សន្លឹក, មួកកាតិបពណ៌ខ្មៅ ០៤, អាវធំ ០១ ពណ៌ខៀវ, ស្បោងក្រណាត់ខ្មៅសម្រាប់គ្របមុខ ០១, ស្រោមដៃ ០៥គូ, ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក Iphone7 និងម៉ាក Samsung) , រថយន្ត ០១គ្រឿង ម៉ាក ស្តារិច ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2BC-6802 (ស្លាកលេខក្លែងបន្លំ)។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ត្រូវបានកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាំយកមកសួរចម្លេីយ​ និងឈានទៅកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង