មន្ត្រីនគរបាល និងគយ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឆ្លងដែន ចេញពីកម្ពុជា ទៅញូហ៊្សីលែន និង អូស្ត្រាលី តាមរយៈកញ្ចប់បញ្ញើប្រៃសណីយ៍ជិត ៣គីឡូក្រាម

រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើស គ្រឿងញៀន(ក១០) សហការជាមួយសមត្ថកិច្ចគយប្រចាំការនៅឃ្លាំងដឹកទំនិញ Cargo នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយ លោកលោកសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ និងមានការសម្របសម្រួល ពីលោក សឿន មុនីរ័ត្ន ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ ស៊ើបអង្កេត និងឈានទៅបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឆ្លងដែន ចេញពីកម្ពុជា ទៅញូហ៊្សីលែន និង អូស្ត្រាលី ដោយលាក់បង្កប់ ក្នុងកញ្ចប់បញ្ញើញប្រៃសណីយ៍ ចំនួន ៣លើក ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និង ចាប់យកវត្ថុតាងគ្រឿងញៀន សរុប ២៥៤៩,៧៧ ក្រាម លទ្ធផលរួមមានដូចខាងក្រោម៖

លើកទី១៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនេញ( Cargo )នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ៨៥,៣២ក្រាម ដោយលាក់បង្កប់ក្នុងដំបង២កំណាត់។

លើកទី២៖ នៅថ្ងៃទី ០៥ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនេញ( Cargo )នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១២៩៥,៦៧ក្រាម ដោយលាក់បង្កប់ក្នុងបដិមារព្រះពុទ្ធរូប ឈើ ២ព្រះអង្គ។

លើកទី៣៖ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច ក្រុមហ៊ុន IAL ផ្ទះលេខ១៦បេ ផ្លូវសូនី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ២ នាក់៖
១- ឈ្មោះ លឿង សៀងហៃ ភេទប្រុស) កើត ១៩៨៩ ជនជាតិខ្មែរ (អ្នកផ្ញើគ្រឿងញៀន)
២-ឈ្មោះ ឈុន ម៉ារ៉ាឌី ភេទប្រុស កើត ១៩៩៥ ជនជាតិខ្មែរ (អ្នកផ្ញើគ្រឿងញៀន)។

ចាប់យកវត្ថុតាង៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ : ១០៤៨, ៤៨ក្រាម លាក់បង្កប់ក្នុងរូបបដិមាក ៤ អង្គ: ព្រះកេស១. ព្រហ្ម២ . រូប ព្រះបាទជ័យវរ្ម័ន១។

លុះនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានបន្តការស្រាវជ្រាវ កំណត់បានមុខសញ្ញាមេក្លោង ១នាក់ និងឈានទៅចាប់ខ្លួនឈ្មោះ CHEN KEXI ភេទប្រុស ជនជាតិចិន កើត១៩៨១ កាន់លិខិតឆ្លងដែនលេខ EB2396631 ស្នាក់នៅក្នុងបន្ទប់ ២០៥ អាផាត់មិន វិមានឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចាប់យកវត្ថុតាងបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១២០,២៧ក្រាម បន្ថែមទៀត ដោយលាក់បង្កប់ក្នុងចម្លាក់ឈើ រូបដំរី ០២រូប និងដំបងឈើ ០២កំណាត់ ៣គូរ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង