អភិបាលខេត្តកំពត ដឹកនាំមន្ត្រីចុះពិនិត្យការកកស្ទះ និងរកដំណោះស្រាយ ការនាំស្រូវចេញទៅវៀតណាម តាមច្រកតន់ហន់ ស្រុកកំពង់ត្រាច..

ខេត្តកំពត៖ អភិបាលខេត្តកំពត លោក ជាវ តាយ បានដឹកនាំមន្ត្រីចុះដោះស្រាយបញ្ហាកកស្ទះការនាំស្រូវ ចេញទៅប្រទេសវៀតណាម តាមច្រកព្រំដែន តន់ហន់ (កម្ពុជា-វៀតណាម) ស្រុកកំពង់ត្រាច។

មន្ត្រីរដ្ឋបាលខេត្តកំពត បានឲ្យដឹងថា ក្នុងរយៈពេលជាង ០២សប្តាហ៍កន្លងទៅនេះ ចំពោះការនាំស្រូវចេញទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនទ្វេភាគីតន់ហន់ កម្ពុជា-វៀតណាម ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត មានភាពយឺតយ៉ាវ ដោយឈ្មួញមកពីខេត្តឆ្ងាយៗ ត្រូវរង់ចាំជាច្រើនថ្ងៃ បណ្តាលឲ្យប៉ះពាល់ដល់សកម្មភាព នៃការងារអាជីវកម្ម..។

មន្ត្រីដដែលបន្តថា ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាខាងលើនេះ លោក ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីចុះពិនិត្យដោយផ្ទាល់ ដល់ច្រកតន់ហន់។ ក្នុងនោះ ក្រោយពីបានជួបប្រជុំជាមួយអាជ្ញាធរ មន្ត្រីជំនាញ និងផ្នែកពាក់ព័ន្ធនៅច្រកទ្វារទ្វេរភាគីតន់ហន់ ដោយក្រុមឈ្មួញ និងប្រជាពលរដ្ឋ បានឲ្យដឹងថា មូលហេតុនាំឲ្យកកស្ទះ និងយឺតយ៉ាវ ក្នុងការនាំស្រូវ ចេញទៅប្រទេសវៀតណាម គឺមាន០២ចំណុចសំខាន់រួមមាន៖

១- ដោយសារជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលខ្លាំងនៅប្រទេសវៀតណាម ហើយភាគីវៀតណាម បានរិតបណ្តឹងវិធានការការពារ។

២- ការិតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវកោគ របស់វៀតណាម (ទាមទាឲ្យមានឯកសារពាក់ព័ន្ធ និងការកំណត់ទម្ងន់រថយន្តដឹកទំនិញតាមច្បាប់)។

មន្ត្រីរដ្ឋបាលខេត្តកំពត បន្តថា ដើម្បីសម្រួលដល់ការនាំចេញ ស្រូវតាមច្រកតន់ហន់បានឆាប់ លោកអភិបាលខេត្ត នឹងបង្កើតក្រុមការងារដោះស្រាយការនាំចេញស្រូវ និងរៀបចំកិច្ចប្រជុំបន្ទាន់ ជាមួយភាគីវៀតណាម តាមរយៈ Video Conference ដើម្បីពិភាក្សារកដំណោះស្រាយ នូវបញ្ហារាំងស្ទះ និងយន្តការសម្របសម្រួលការនាំចេញស្រូវចេញឲ្យបានឆាប់ និងមានភាពរលូន៕

អត្ថបទដែលជាប់ទាក់ទង