លោកយាយ ឈីវ អ៊ាក អាយុ៨៩ឆ្នាំ ដែលកូនប្រសារស្រី ប្តឹងមិនឲ្យធ្វើម៉ុងបញ្ចុះសព លើដីកម្មសិទ្ធិខ្លួនឯង មានពន្លឺយុត្តិធម៌ខ្លះៗហើយ បន្ទាប់ពីមានអន្តរាគមន៍ពី អភិបាលខេត្តកំពត

ខេត្តកំពត៖ បន្ទាប់ពីកូនចៅ របស់លោកយាយ ឈីវ អ៊ាក អាយុ៨៩ឆ្នាំ
បានដង្ហោយរកការជួយអន្តរាគមន៍រកយុត្តិធម៌ពីថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកំពត លើករណីទំនាស់ដីធ្លី ជាមួយកូនប្រសារស្រី របស់ខ្លួនរួចមក ពេលនេះ ដំណើរឿងខាងលើ បន្ទាប់ពីលោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីចុះពិនិត្យផ្ទាល់ដល់ទីតាំងដីមានទំហំ ២១៥០០ម៉ែត្រការ៉េរួចមក គឺហាក់មានពន្លឺយុត្តិធម៌ជាបណ្តើរៗហើយ សម្រាប់ស្ត្រីវ័យចំណាស់រូបនេះ។

កាលពីសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំអាជ្ញាធរពាក់ព័ន្ធភូមិ-ឃុំ-ស្រុក ក្នុងនោះរួមមាន មន្ត្រីជំនាញមន្ទីរសុរិយោដីខេត្កកំពតផង ដើម្បីចុះសិក្សាដល់ទីតាំងដីទំនាស់ រវាងម្តាយក្មេក និងកូនប្រសារ លើផ្ទៃដីចំនួន ២១៥០០ម៉ែត្រការ៉េ ដែលស្ថិតនៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

នាឱកាសនោះ លោក ជាវ តាយ អភិបាលខេត្តកំពត មានប្រសាសន៍ថា ដើម្បីសម្របសម្រួលដោះស្រាយជូនភាគីទំនាស់ ឲ្យមានតុល្យភាព និងតម្លាភាព ប្រសិទ្ធភាពផ្អែកលើគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា គឺមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវចុះមើលដល់ដីទំនាស់ ឲ្យឃើញផ្ទាល់ភ្នែក បានន័យថាត្រូវចុះទៅដល់ទីតាំងដីទំនាស់ និងជួបភាគីទាំងសងខាង ដើម្បីផ្ទៀងផ្ទាត់លើឯកសាររបាយការណ៍ និងស្ថានភាពជាក់ស្តែងជាមុនសិន មុនឈានទៅចាត់វិធានការសម្របសម្រួលឲ្យមានប្រសិទ្ធភាព។

ចំពោះវិវាទខាងលើនេះ លោក ជាវ តាយ មានប្រសាសន៍បន្តថា នឹងរកដំណោះស្រាយតាមផ្លូវច្បាប់ និងយោងតាមហេតុផលអាជ្ញាធរភូមិ និងឃុំ ជាពិសេសពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើ ដែលពួកគាត់ ដឹងឮថា ដីទំនាស់នេះ គឺជាដីពិតប្រាកដ របស់លោកយាយ ឈីវ អ៊ាក ហើយឈ្មោះ ជាង ឪទ្រី និងប្រពន្ធឈ្មោះ ឈុយ សាំង គឺពិតជាត្រូវជាកូន និងកូនប្រសារពិតមែន។ ហើយថា ករណីនេះ អាជ្ញាធរជំនាញពិតអាចយកជាការបញ្ជាក់ថា ដីនេះដើមឡើយ គឺជាដីទ្រព្យរួមពិតប្រាកដ ក្នុងគ្រួសារខាងលើនេះ។

លោកអភិបាលខេត្តកំពត បញ្ជាក់ថា ទំនាស់ដីធ្លីនេះ មិនមែនជារឿងថ្មីនោះទេ គឺជារឿងចាស់ ដែលកើតឡើងតាំងតែឆ្នាំង២០១៥ មកម្លេះ ហើយភាគីសង្ខាង ក៏បានប្តឹងគ្នាទៅដល់តុលាការផងដែរ តែមិនអាចដោះស្រាយបានទេ។

លោកបន្តថា សំណុំរឿងនេះ គឺខាងតុលាការខេត្តកំពត ក៏បានប្រគល់ជូនរដ្ឋបាលខេត្តជាអ្នកដោះស្រាយវិញ ព្រោះថា ដីនេះនៅមានបញ្ហាពាក់ព័ន្ធរឿងទ្រព្យរួមផង ពាក់ព័ន្ធដីមិនមានប្លង់កម្មសិទ្ធិផង ដែលហេតុធ្វើឲ្យតុលាការសម្រេចមិនបាន។

ចំណែក អ្នកភូមិចាស់ទុំជាច្រើននាក់ ដែលរស់នៅក្នងភូមិខាងលើ បានអះអាងថា ដីទំនាស់ខាងលើនេះ ពួកគាត់គ្រប់គ្នាដឹងថា គឺជាដីលោកយាយ ឈីវ អ៊ាក និងកូនកាន់ កាប់តាំពីឆ្នាំ១៩៧៩ រហូតមក តែអ្វីដែលពួកគាត់ប្លែកនោះ បន្ទាប់ពីកូនប្រុស លោកយាយ ឈីវ អ៊ាក ឈ្មោះ ជាង ឪទ្រី បានស្លាប់នៅក្នុងឆ្នាំ២០២០នេះ បែរជាឃើញតែ កូនប្រសសារ និងចៅគាត់ថែទាំអាស្រ័យផល តែរឿងប្រគល់ដាច់ ឬមិនប្រគល់ដាច់យ៉ាងណានោះ ពួកគាត់មិនបានដឹងដែរ ពួកគាត់គ្រប់គ្នា ទើបតែភ្ញាក់ ដែលកើតរឿងប្តឹងផ្តល់គ្នា កាលពីឆ្នាំង២០១៥ គឺពេលដែល ឈ្មោះ ឈុយ សាំង ភាគីកូនប្រសារ ចេញមុខធ្វើប្លង់កម្មសិទ្ធិគ្រប់គ្រង់លើដីរួមទាំងអស់នេះ។

សូមបញ្ជាក់ថា ការសម្របសម្រួលរបស់ថ្នាក់ដឹកនាំខត្តកំពត និងមន្ត្រីជំនាញ លើវិវាទដីធ្លីខាងលើនេះ បានបញ្ចប់រួចហើយ ដោយក្នុងនោះ គោលបំណងចុងក្រោយ របស់អ្នកស្រី ជាង សុខងីម ត្រូវជាកូនស្រីច្បង របស់លោកយាយ ឈីវ អ៊ាក និងចៅៗ គឺចង់បានទីតាំងល្អ សម្រាប់បញ្ចុះសព លោកយាយ ឈីវ អ៊ាក ដែលបច្ចុប្បន្ននេះ រូបគាត់មានកម្លាំងកាន់តែខ្សោយទៅៗ ដែលកូនចៅចាំបាច់ ត្រូវបំពេញបំណងចុងក្រោយ របស់គាត់៕

អត្ថបទដែលជាប់ទាក់ទង