អាជ្ញាធរជាតិអប្សរា ចេញផ្សាយទស្សនាវដ្តីឈ្មោះថា «ព្រះនគរ»

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចេញផ្សាយនូវទស្សនាវដ្តី «ព្រះនគរ» ដែលអត្ថបទទាំងអស់កើតចេញពីការស្រាវស្រាវនៅក្នុងតំបន់ឧទ្យានអង្គរ។ ខ្លឹមសារនៃអត្ថបទទាំងអស់ ពុំស្ថិតនៅក្នុងប្រភេទសំណេរឃោសនាឡើយ ដ្បិតគោលបំណងធំ គឺពុំមែននិយាយពីអាជ្ញាធជាតិអប្សរាខ្លួនឯង តែនិយាយពីអតីតរាជធានីយសោធរ ពោលគឺព្រះនគរ របស់ខ្មែរ។

យោងតាមបុព្វបទសំណេរ របស់ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទស្សនាវដ្ដី «ព្រះនគរ» Journal Of Angkor Studies ផ្ដោតសំខាន់ទៅលើបុរាណវត្ថុរកឃើញថ្មីៗនៅអង្គរ ការអភិរក្សជួសជុលប៉មឥដ្ឋលេខ៨ នៅប្រាសាទបាគង ពិធីឡើងអ្នកតាខែពិសាខនៅវត្តអធ្វា ប្រព័ន្ធធារាសាស្រ្ត នៃឧទ្យានអង្គរ និងប្រព័ន្ធធារាសាស្រ្តនៃប្រាសាទព្រះវិហារ។

អត្ថបទទាំងអស់សរសេរដោយអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ។ រីឯប្រភេទប្រធានបទវិញ ក៏មានច្រើនបែបដូចជា អត្ថបទពិចារណាទូទៅលើការអភិវឌ្ឍរាជធានីអង្គរ អត្ថបទលក្ខណៈបច្ចេកទេសដូចជា ការលម្អិតផែនទីបុរាណស្ថានដោយយោងតាមទិន្នន័យថ្មីៗ នៃបច្ចេកវិទ្យាLiDAR ការសិក្សាពិនិត្យសមាសធាតុនៃថ្ម ដែលខ្មែរបុរាណយកមកសាងប្រាសាទ និងរោងជាងសិតសំរិទ្ធនៅព្រះរាជវាំងអង្គរធំ។ ក៏មានអត្ថបទបច្ចេកទេសដែរ តែទាក់ទងនឹងការថែទាំ ព្រមទាំងការជួសជុលដូចជា ការថែទាំចម្លាក់ថ្មភក់ និងចម្លាក់បាយអរកុំឱ្យរិចរិលតាមរយៈបទពិសោធន៍ជាច្រើនឆ្នាំនៅអង្គរ ការជួសជុលសំណង់ធ្វើពីឥដ្ឋ។ អត្ថបទខ្លះទៀតក៏បង្ហាញឱ្យអ្នកអានជ្រាបអំពីវត្ថុបុរាណច្រើនប្រភេទ ដែលអាជ្ញាធរជាតិអប្សរាបានប្រទះឃើញនៅទីនានា ហើយយកមករៀបចំទុកដាក់កត់ត្រាចុះបញ្ជីសារពើភណ្ឌ។ អត្ថបទក្នុងពពួកនរវិទ្យាក៏មាននិយាយអំពីបុណ្យទាក់ទងនឹងស្រូវ ដែលអ្នកស្រុកប្រារព្ធនៅក្នុងបុរាណស្ថានជាទីសក្ការៈ របស់ពួកគាត់។ ឯក្នុងវិស័យធារាសាស្រ្តវិញមានការសិក្សាស្តីអំពីតំបន់អង្គរ និងទាក់ទងនឹងប្រាសាទព្រះវិហារ។

អាជ្ញាធរជាតិអប្សរាសង្ឃឹមថា ទស្សនាវដ្តីនេះ នឹងក្លាយជាប្រភពនៃចំណេះដឹងថ្មីៗបន្ថែមទៀតដល់កូនខ្មែរគ្រប់រូបដែលចង់សិក្សាពីអង្គរ។ ដូច្នេះ លោកអ្នកអាចមករកទស្សនាវដ្ដីព្រះនគរនេះ នៅបណ្ណាល័យអាជ្ញាធរជាតិអប្សរាដោយ រីករាយ ដើម្បីទទួលបានព័ត៌មានជាចំណេះដឹងអំពីអតីតកាលផង ស្ថានភាពនៃព្រះនគរយើងបច្ចុប្បន្នផង៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទដែលជាប់ទាក់ទង