សាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ ប្រកាសលើកពេលបើកសវនាការ

រាជធានីភ្នំពេញ៖ សាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានប្រកាសលើកពេលសវនាការសំណុំរឿង ដែលមានជនជាប់ឃុំ ហើយគ្រោងលើកយកមកជំនុំជម្រះ ចន្លោះពីថ្ងៃទី០៧ ខែធ្នូ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយលើកពេលទៅថ្ងៃក្រោយវិញ។

ដោយឡែក ចំពោះការបំពេញកិច្ចការងារ រដ្ឋបាលប្រចាំថ្ងៃ និងការផ្តល់សេវាយុត្តិធម៌ផ្សេងៗ ជូនប្រជាពលរដ្ឋ គឺនៅដំណើរការជាធម្មតា ប៉ុន្តែត្រូវអនុវត្ត វិធានការណ៍សុវត្ថិភាព តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវគោរព ឲ្យបាន ត្រឹមត្រូវបំផុត នូវវិធានការអនាម័យដូចជា៖ ពាក់ម៉ាស់លាងដៃនឹងសាប៊ូ ឬអាល់កុល រក្សាគម្លាត និងចៀសវាងការប្រមូលផ្ដុំ ដែលមានគ្នាច្រើន។

សាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី០៤ ខែធ្នូ បានជូនដំណឹងដល់ អនុប្រធានសាលាដំបូង លោកចៅក្រម លោកព្រះរាជអាជ្ញារង ក្រឡាបញ្ជី មន្ត្រី លេខាធិការដ្ឋានរដ្ឋបាល ប្រធានពន្ធនាគារ ខេត្តព្រះសីហនុ មេធាវី ភាគីពាក់ព័ន្ធក្នុងសំណុំរឿងផ្សេងៗមានខ្លឹមសារថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចូលរួមធានាភាពម្ចាស់ការ ក្នុងការគ្រប់គ្រង ទប់ស្កាត់ និងការពារ កុំឲ្យមានការរីករាលដាល ក្នុងសហគមន៍បន្ថែមទៀត ក្រោយ “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា”។ ហើយម្យ៉ាងទៀត មន្ត្រីមួយចំនួន នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ក៏មានការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល និងត្រូវធ្វើចត្តាឡីស័កផងដែរនោះ ហេតុដូចនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ សូមប្រកាសលើកពេលសវនាការសំណុំរឿង ដែលមានជនជាប់ឃុំ ហើយគ្រោងលើកយកមកជំនុំជម្រះ ចន្លោះពីថ្ងៃទី០៧ ខែធ្នូ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយលើកពេលទៅថ្ងៃក្រោយវិញ លើកលែងតែសំណុំរឿង ដែលជាករណីចាំបាច់មួយចំនួន ដែលលោកចៅក្រម ត្រូវពិនិត្យមើលជាក់ស្តែង ទៅតាមច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង