ក្រសួងសុខាភិបាល រកឃើញបុគ្គលពីររូប អាចជាប្រភពទី១ នៃការចម្លងវីរុសកូវីដ-១៩ សម្រាប់ព្រឹត្តិការណ៍”សហគមន៍២៨វិច្ឆិកា”

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា បន្ទាប់ពីក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្រាវរកប្រភព នៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០រួចមក ក្រុមការងារអន្តរក្រសួង ទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នាជាមួយនឹងក្រុមការងារ របស់ក្រសួងសុខាភិបាល បានខិតខំធ្វើការស្រាវជ្រាវរកប្រភព នៃការចម្លងវីរុសកូវីដ-១៩នេះ ជាបន្តដោយយកចិត្តទុកដាក់។

ក្រសួងសុខាភិបាល បញ្ជាក់ថា ឆ្លងតាមការពិភាក្សា ក្នុងក្រុមការងារថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រុមស្រាវជ្រាវចម្រុះ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ជាមួយនឹងអ្នកជំនាញការអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងយោងតាមព័ត៌មានទទួលបានពីការធ្វើសម្ភាសន៍ផ្ទាល់ ជាមួយករណីពាក់ព័ន្ធ ការសិក្សាអេពីដេមីសាស្រ្ត និងការសិក្សាផ្នែកមន្ទីរពិសោធន៍ តាមបែបវិទ្យាសាស្ត្ររបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើប្រភេទវីរុសកូវីដ-១៩ ដែល អាចចម្លងមកពីក្រៅប្រទេស និងនៅក្នុងប្រទេសកម្ពុជា សម្រាប់ ព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” ក្រុមការងារអាចទាញការសន្និដ្ឋានជាបន្តទៀត ដោយផ្អែកលើ៖

១. លំដាប់លំដោយ នៃការចេញរោគសញ្ញា និងហេតុការណ៍សកម្មភាពទំនាក់ទំនងគ្នា ក្នុងសង្គម

២. ការវិវត្តន៍ នៃចំនួនមេរោគតាមបែបភីស៊ីអែរ (PCR Test)

៣. ទំនាក់ទំនងទទួលបានពីការវិភាគវត្ថុសំណាកអ្នកជំងឺ បែបបំបែកបន្តៗគ្នា (Sequencing Covid-19 virus sample)
៤. តាមការពិចារណាដោយហ្មត់ចត់ នៃអង្គបដិបក្ខ (Antibody) ដោយពិនិត្យលើវត្ថុសំណាកឈាម របស់អ្នកជំងឺ

លទ្ធផល នៃការពិភាក្សា ត្រូវបានបង្ហាញជូនដូចតទៅ៖

– បុគ្គល ០២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និង បុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ អាចឆ្លង វីរុសកូវីដ-១៩ មុនគេ និងជាករណីជាសះស្បើយ ក្រោយការបង្ករោគហើយ និងដែលអាចជាប្រភពទី១ នៃការចម្លង សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ពីករណីនាំចូលមកកម្ពុជា ក្នុងកំឡុងខែតុលា ឆ្នាំ២០២០។

– បុគ្គល ០៧នាក់ (ស្រ្តីឈ្មោះ ហេង គង់ អាយុ ៥៦ឆ្នាំ, បុរសឈ្មោះ ឆែម សាវុធ អាយុ ៥៧ឆ្នាំ, កុមារាឈ្មោះ កែវ រតនៈបញ្ញា អាយុ ១២ឆ្នាំ, ស្ត្រីឈ្មោះ លឹម លម្អ អាយុ ២៤ឆ្នាំ, ស្ត្រីឈ្មោះ អ៉ីវ ប៊ុនសូលីដា អាយុ ៣៦ឆ្នាំ, បុរសឈ្មោះ អែម សាន អាយុ ៣៦ឆ្នាំ និងបុរសឈ្មោះ សេង ឆាយា អាយុ ៣០ឆ្នាំ) កំពុងមានជំងឺ ស្ថិតនៅក្នុងដំណាក់កាលកណ្តាល ឆ្ពោះទៅរកការជាសះស្បើយ។

– បុគ្គល ០៤នាក់ (ស្រ្តីឈ្មោះ ឆែម សុភាព អាយុ ៣៦ឆ្នាំ, ស្ត្រីឈ្មោះ អ៊ុំ សុវណ្ណារ៉ា អាយុ ៦៤ឆ្នាំ, ស្ត្រីឈ្មោះ សេងលីន អាយុ ២១ឆ្នាំ និងបុរសឈ្មោះ ឡាយ សេងលី អាយុ ២៣ឆ្នាំ) កំពុងមានជំងឺ ក្នុងដំណាក់កាលដំបូង នៃការឆ្លងរោគ។

– បុគ្គល ០៤នាក់ (បុរសឈ្មោះ លឹម ស្នែគំនិត អាយុ ៣១ឆ្នាំ, បុរសឈ្មោះ អេង ហាក់សេង អាយុ ៣២ឆ្នាំ, ស្ត្រីឈ្មោះ អេង គឹមហៀក អាយុ ៥៦ឆ្នាំ, និងបុរសឈ្មោះ ស៊ឹម សុផាន់ណារ៉ាត់ អាយុ ៣៩ឆ្នាំ) អាចមិនឆ្លង ឬក៏កំពុងស្ថិតនៅក្នុងដំណាក់កាលមេរោគសម្ងំនៅឡើយ (Incubation period) ដោយរកមិនឃើញអង្គបដិបក្ខ (Antibody) និងមិនទាន់ឃើញមានវីរុសកូវីដ-១៩ (ដែលត្រូវរង់ចាំពិនិត្យតេស្តលើកទីពីរទៀត)។

ត្រង់ចំណុចនេះ ក្រសួងសុខាភិបាល បញ្ជាក់ថា រាល់ការរៀបរាប់ខាងលើ គឺជាសម្មតិកម្ម ដែលក្រុមការងារទទួលបានពីកិច្ចពិភាក្សានៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ដែលបានបង្ហាញថា មានបុគ្គល ០២នាក់ (គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ) ជាករណីឆ្លងដំបូងគេ នៃព្រឹត្តិការណ៍”សហគមន៍ ២៨វិច្ឆិកា” ដែលពួកគាត់ អាចឆ្លងបន្តពីករណីនាំចូលវីរុសកូដ -១៩ ពីក្រៅប្រទេស។

ចំពោះវិធានការ និងទិសដៅបន្ទាប់ ក្រសួងសុខាភិបាល បញ្ជាក់ថា៖

ដើម្បីទប់ស្កាត់ការចម្លង ក្នុងសហគមន៍ទ្រង់ទ្រាយធំ សូមបុគ្គលទាំងអស់ ដែលនៅតាមរាជធានី-ខេត្ត ដឹងខ្លួនថា ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុគ្គលទាំង ០២នាក់ខាងលើនេះ (គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ) ដោយគិតចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្ត ដោយយកវត្ថុសំណាក និងពិនិត្យឈាម នៅតាមមន្ទីរពេទ្យខេត្ត ដែលលោកអ្នកស្នាក់នៅ។ បើនៅរាជធានីភ្នំពេញ សូមអញ្ជើញទៅធ្វើតេស្ត ដោយយកវត្ថុសំណាក នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រាជធានីភ្នំពេញ រាល់ម៉ោងធ្វើការ។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍វិធានការសុខាភិបាល តាមការអំពាវនាវ របស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់ក្រសួងសុខាភិបាល ដែលបានណែនាំរួចហើយ ឲ្យបានហ្មត់ចត់ជាទីបំផុត។

ក្រុមការងារចម្រុះ នឹងបន្តការស្រាវជ្រាវរុរកជាប្រភពចម្លង និងការពាក់ព័ន្ធទៅនឹង ព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” ជាបន្តទៀត។

សូមរក្សាសភាពហ្នឹងនរចូល រួមសហការ និងចូលរួមអនុវត្តវិធានការការពារខ្លួន ឲ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពី មួយម៉ែត្រកន្លះឡើងទៅ) បើមិនមានការចាំបាច់ សុំនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅសមាជិកគ្រួសារខ្លួន ឲ្យបានល្អ និងមិនត្រូវមានការជួបជុំគ្នាច្រើនកុះករ (លើសពី ២០នាក់) នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង