ក្រសួងសុខាភិបាល បង្ហាញមុខបុគ្គល២រូប ដែលអាចជាប្រភពទី១ នៃការចម្លងវីរុសកូវីដ-១៩ សម្រាប់ព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា”

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានបន្ថែម ស្តីពីការស្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” កាលពីថ្ងៃទី០៣ និងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ដោយ ក្រុមការងារ របស់ក្រសួងសុខាភិបាល បានបង្ហាញរូបថត របស់បុគ្គល ០២រូបខាងលើនេះ មានឈ្មោះ ឆែម សុនីតា ភេទស្រី អាយុ ៣០ឆ្នាំ និង បុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ ដែលអាចឆ្លងវីរុសកូវីដ-១៩ មុនគេ និងជាករណីជាសះស្បើយក្រោយការបង្ករោគហើយ និងដែលអាចជាប្រភពទី១ នៃការចម្លង សម្រាប់ ព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” ពីករណីនាំចូលមកកម្ពុជា ក្នុងកំឡុងខែតុលា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល បញ្ជាក់ថា ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ សូមបុគ្គលទាំងអស់ ដែលនៅតាមរាជធានី-ខេត្ត ដឹងខ្លួនថា ជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុគ្គលទាំង ០២នាក់ខាងលើនេះ (គឺស្ត្រីឈ្មោះ ឆែម សូនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិនអាប់ អាយុ ៤២ឆ្នាំ) ដោយគិតចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្ត ដោយយកវត្ថុ សំណាក និងពិនិត្យឈាម នៅតាមមន្ទីរពេទ្យខេត្តដែលលោកអ្នកស្នាក់នៅ។

បើនៅរាជធានីភ្នំពេញ សូមអញ្ជើញលោកអ្នកទៅធ្វើតេស្ត ដោយយកសំណាកនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅរាជធានីភ្នំពេញរាល់ម៉ោងធ្វើការ។

បន្ថែមលើនេះ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល តាមការអំពាវនាវ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានណែនាំរួចហើយ ឱ្យបានហ្មត់ចត់ជាទីបំផុត។

ចំពោះករណីនេះ ក្រុមការងារចម្រុះ និងបន្តស្រាវជ្រាវរុករក ប្រភពចម្លង និងអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា ” ជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង